(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា Apple គ្រោងនឹងផលិត iPhone ប្រមាណ ២២០លានគ្រឿងនៅឆ្នាំ២០២២ ដែលជាគោលដៅដ៏ធំមួយមិនផ្លាស់ប្តូរពីឆ្នាំមុន បើទោះបីជាមានឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

តាមសេចក្តីរាយការណ៍ Apple បានប្រាប់អ្នកផ្គត់ផ្គង់របស់ខ្លួនថា ខ្លួននៅតែចង់ផលិត iPhone ឱ្យបានដល់ទៅ ២២០លានគ្រឿងនៅឆ្នាំនេះ ដែលក្នុងនោះទំនងជាជម្រុញដោយម៉ូដែល iPhone 14 ថ្មីដែលចាប់ផ្តើមពីខែកញ្ញាខាងមុខនេះ ប៉ុន្តែវានៅតែតិចជាងគោលដៅដែលជំនាញទីផ្សាររំពឹងទុក។

យ៉ាងណាមិញចាប់ពីខែកញ្ញានេះ Apple នឹងដាក់បង្ហាញត្រកូល iPhone 14 របស់ពួកគេដែលនឹងមកជាមួយនឹងការអាប់ដេត ទៅលើផ្នែកផ្សេងៗជាច្រើន ខណៈម៉ូដែលថ្មីនេះត្រូវបានគេរំពឹងថានឹងមានការអាប់ដេតធំជាង iPhone 13 រដូវកាលមុនកន្លងទៅ ហើយនឹងមានការអាប់ដេតទៅលើមុខងារកាមេរ៉ា មានការកែលម្អអេក្រង់ប្រសើរជាងមុនថែមទាំងទទួលបានបន្ទះឈីបថ្មីថែមទៀតផង៕