(ភ្នំពេញ)៖ ក្រោយលើកពាន Cambodian League Cup 2022 កាលពីថ្មីៗ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវចាកចេញទៅចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ International Club Friendly Match 2022 នៅប្រទេសម៉ាឡេស៊ីនាដើមខែក្រោយ មុនចូលរួមប្រកួតពានរង្វាន់ជើងឯកអាស៊ី AFC Cup 2022 នៅវៀតណាម។

ពានរង្វាន់មិត្តភាពអន្ដរជាតិនេះ រៀបចំដោយក្លិបក្របខណ្ឌលីគកំពូលម៉ាឡេស៊ី Terengganu FC ចាប់ពីថ្ងៃទី០២-០៨ ខែមិថុនា ឆ្នាំ២០២២។ ចំពោះក្លិបដែលចូលរួមការប្រកួត ក្រៅពីបេក្ខភាពម្ចាស់ផ្ទះ និងភ្នំពេញក្រោន នៅមិនទាន់មានការបញ្ជាក់បន្ថែមនោះទេ។

តាមរយៈការប្រកួតនេះ គឺជាផ្នែកមួយរបស់ក្លិបរហស្សនាម «សិង្ហក្រហម» ដើម្បីរៀបចំ និងពង្រឹងក្រុមបន្ថែម សម្រាប់ត្រៀមការប្រកួតពានរង្វាន់ AFC Cup 2022 នៅប្រទេសវៀតណាមចាប់ពីថ្ងៃទី២៤-៣០ ខែមិថុនាខាងមុខ ដោយក្រុមជើងឯកលីគកំពូលកម្ពុជានេះ ស្ថិតក្នុងពូល I ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម, ក្លិប Hougang United របស់សិង្ហបុរី និងក្លិប Young Elephants របស់ឡាវ៕