(ភ្នំពេញ)៖ ស្វាយ ចាន់រតនៈ ជាយុវជនកម្ពុជា ដែលមានឱកាលចេញទៅសិក្សានៅប្រទេសព័រទុយហ្គាល់ ហើយបានលេងក្នុងលីគទី៤ ឈុត U19 បច្ចុប្បន្ននេះរូបគេមានការចាប់អារម្មណ៍ចង់ជាប់ក្នុងឈុតក្រុមជម្រើសជាតិកម្ពុជា ខណៈកំពុងរង់ចាំការសម្រេចចិត្តនៅការមើលឃើញ ចំពោះទេពកោសល្យរបស់ខ្លួន ពីសំណាក់សហព័ន្ធបាល់ទាត់កម្ពុជា។

យុវជនវ័យ១៩ឆ្នាំជាអតីតយុវជនក្លិបបឹងកេត និងព្រះខ័នរាជស្វាយរៀង បានមានឱកាលជាប់ជាប្រធានក្រុមនៃក្លិប Sporting Clube da Vista Alegre ក្នុងរដូវកាល ២០២១-២២។ ស្វាយ ចាន់រតនៈ បានបន្តលើកឡើងថា ខ្លួនពិតជាមិនមែនកូនកាត់បរទេសអ្វីនោះទេ គឺខ្លួនជាកូនខ្មែរពិតៗ ដែលមានឪពុក ម្តាយ ជាជនជាតិខ្មែរ ខណៈខ្លួននិងខឹតខំប្រឹងប្រែងប្រជែងកៅអីក្រុមជម្រើសជាតិកម្ពុជា បើទោះបីជាមានកីឡាកររៀមមច្បងល្អៗជាច្រើនក៏ដោយ។

យុវជនរូបនេះក៏បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨ ដែលចេញទៅសិក្សានៅប្រទេសព័រទុយហ្គាល់ ខ្លួនបានមានឱកាសជាប់លេងជាមួយក្លិប Sport Clube Alba 2018-19 រយៈពេល៦ខែ រួចក៏បន្តទៅលេងឲ្យក្លិប Grupo Desportivo da Gafanha បានរយៈពេល ៦ខែបន្តទៀត ហើយបច្ចុប្បន្នលេងជាមួយក្លិប Sporting Clube da Vista Alegre។

ខណៈក្នុងរដូវកាល ២០២១-២២ រូបគេក៏ទទួលបានការទុកចិត្តពីគ្រូបង្វឹក ក៏បានជ្រើសជាប្រធានក្រុមក្លិប ដោយបានការស៊ុតបញ្ចូលទីចំនួន ៣គ្រាប់ចំណោមការលេងបាន ២៣ប្រកួតនិងជួយបញ្ចូលបាល់ឲ្យមិត្តរួមក្រុមស៊ុតបានសម្រេចចំនួន ២១លើក។

ខាងក្រោមនេះជាការកិច្ចសម្ភាសន៍ពិសេសផ្ទាល់របស់អង្គភាពព័ត៌មាន Fresh News ជាមួយកីឡាករយុវជន ស្វាយ ចាន់រតនៈ ជុំវិញព័ត៌មានដែលថាមានការទាក់ទងពីសហព័ន្ធជាមួយក្នុងការមានឱកាលជាប់ក្រុមជម្រើសជាតិ៕