(បរទេស)៖ ប្រភពពីលោក Mark Gurman មកពី Bloomberg បានរាយការណ៍ថា iPhone 14 Pro និង iPhone 14 Pro Max ជំនាន់ថ្មីនឹងត្រូវបានបង្ហាញខ្លួនជាមួយនឹងវត្តមានមុខងារ Always-On Display ដែលត្រូវបានរំពឹងទុកមកជាយូរនោះហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

យ៉ាងណាមិញកាលពីឆ្នាំមុនធ្លាប់មានពាក្យចចាមអារាមជាច្រើនដែលបង្ហាញទាក់ទងនៅលើ ម៉ូដែល iPhone 13 Pro ដែលថានឹងទទួលបានអេក្រង់ Always-On Display ប៉ុន្តែនៅទីបំផុត Apple សម្រេចមិនដាក់មុខងារនេះដល់អ្នកប្រើប្រាស់ទៅវិញ មុនពេលដែលស្មាតហ្វូនម៉ូដែលនេះចេញលក់ក្នុងខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយលោក Gurman បានអះអាងថា Apple មិនបានបោះបង់ចោលនោះទេ ដោយវាអាចនឹងប្រកាសបង្ហាញពីមុខងារ Always-on Display នៅលើ iOS 16 ជំនាន់ថ្មី សម្រាប់ iPhone 14 Pro និង Pro Max។ ខណៈ មុខងារថ្មីនេះអាចនឹងដំណើរការស្រដៀងទៅនឹង Always-On Display ដែលមាននៅលើ Apple Watch Series 5 ឡើងទៅ ដោយ iPhone 14 Pro នឹងទម្លាក់កម្រិត Refresh Rate របស់វាមកនៅទាបបំផុត នៅពេលដំណើរការលើមុខងារនេះ ដើម្បីឱ្យវាជួយសន្សំសំចៃថាមពលថ្ម។

ជាក់ស្តែងមុខងារថ្មីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើស្មាតហ្វូន Android ជាច្រើនម៉ូដែលរួចទៅហើយ។ ដូច្នេះមុខងារថ្មីដែល Apple សម្រេចដាក់ឱ្យប្រើប្រាស់នេះត្រូវបានគេរំពឹងថា អាចនឹងមានច្រើនជម្រើស ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Android ជាច្រើននាពេលបច្ចុប្បន្នដែរ ដោយអាចឱ្យអ្នកប្រើប្រាស់មួយចំនួនដាក់ Always-On Display ជាមួយនឹង Wallpaper ដែលមានសមត្ថភាពដូចទៅនឹង Widget ជាដើម។

គួរបញ្ជាក់ដែលថា មុខងារថ្មីនេះត្រូវបានគេរំពឹងថាអាចនឹងមកជាមួយត្រូកូល iPhone 14 តែពីរម៉ូដែលតែប៉ុណ្ណោះគឺ iPhone 14 Pro និង Pro Max ចំណែកឯម៉ូដែលធម្មតាពីរទៀតគឺមិនទទួលបានមុខងារថ្មីនោះឡើយ។ តែយ៉ាងណាមិញ ម៉ូដែល Pro ទាំងពីនេះមិនត្រឹមតែទទួលបាននូវមុខងារអេក្រង់ថ្មីនោះទេ ថែមទាំងមកជាមួយនឹងបន្ទះឈីប A16 ថ្មីថែមទៀតផង៕