(ភ្នំពេញ)៖ ក្រុមហ៊ុនមេហ្គាខេធើរីង បានរៀបចំពិធីជប់លៀង ប្រចាំឆ្នាំមួយក្រោមប្រធានបទ «រាត្រីនៃមោទនភាព-Night of Pride» ។

ពិធីជប់លៀងនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអបអរសាទរសមិទ្ធផលទាំងឡាយ ដែលក្រុមហ៊ុនមេហ្គាខេធើរីងសម្រេចបានកន្លងមក ព្រមទាំងបង្ហាញពីមោទនភាពចំពោះការខិតខំប្រឹងប្រែងយ៉ាងឥតឈប់ឈររបស់និយោជិកទាំងអស់ ដើម្បីសម្រេចគោលដៅប្រចាំឆ្នាំ២០២១ និង ២០២២នេះ។

ខុសប្លែកពីពិធីជប់លៀងដទៃ «រាត្រីនៃមោទនភាព» ត្រូវបានប្រារព្ធឡើងព្រមគ្នានៅអគារពាណិជ្ជកម្ម Garden in the Air ជាន់ទី៨ ផង និងនៅខេត្តព្រះសីហនុផង ព្រមទាំងតម្រូវឲ្យអ្នកចូលរួមស្លៀកសម្លៀកបំពាក់បែបលំហែនៅឯមាត់សមុទ្រ។ អត្ថន័យនៃការស្លៀកពាក់នេះឆ្លុះបញ្ចាំងពីក្តីនឹករលឹក និងការរួបរួមគ្នាជាធ្លុងមួយរវាងបុគ្គលិកនៅរាជធានីភ្នំពេញ និងបុគ្គលិកនៅខេត្តព្រះសីហនុ ដែលខិតខំធ្វើការងារយ៉ាងសស្រាក់សស្រាំរហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

រាត្រីនៃមោទនភាពមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ស្ថាបនិក នាយកប្រតិបត្តិ និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនមេហ្គាខេធើរីង និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់មេហ្គាខេធើរីងរួមមាន ក្រុមហ៊ុន Breeze Creative Solutions ក្រុមហ៊ុន Aura Media ក្រុមហ៊ុន Spark Media និងក្រុមហ៊ុន Asalesta។

លោក រិទ្ធ ប៊ុនរ័ត្ន ស្ថាបនិកក្រុមហ៊ុនមេហ្គាខេធើរីង លោក លាង តិចឡុង នាយកប្រតិបត្តិក្រុមហ៊ុន Breeze Creative Solutions និង កញ្ញា រិទ្ធ ដានីតា នាយកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន Asalesta បានឡើងថ្លែងសុន្ទរកថាស្វាគមន៍
បុគ្គលិកទាំងអស់ព្រមទាំងបង្ហាញពីសមិទ្ធផលសំខាន់ៗដែលក្រុមហ៊ុនមេហ្គាខេធើរីង និងបុត្រសម្ព័ន្ធសម្រេចបានអស់រយៈពេល១ឆ្នាំកន្លងមកនេះ។

លោក រិទ្ធ ប៊ុនរ័ត្ន ក៏បានធ្វើការស្ងើចសរសើរដល់បុគ្គលិកមេហ្គាខេធើរីងគ្រប់ជាន់ថ្នាក់ដែលបានខិតខំពុះពារគ្រប់ឧបសគ្គររហូតសម្រេចគោលដៅដ៏ធំធេងមួយរបស់ក្រុមហ៊ុនគឺ ការផ្គត់ផ្គង់អាហារដល់មនុស្ស១០០០០នាក់ ក្នុង១ថ្ងៃ។

ស្របពេលជាមួយគ្នានេះដែរ តំណាងមេហ្គាខេធើរីង និងបុត្រសម្ព័ន្ធបានធ្វើការចែករង្វាន់ដល់និយោជិកជាច្រើនរូបដើម្បីជាសក្ខីភាពដល់ការស្ងើចសរសើរចំពោះលទ្ធផលខិតខំប្រឹងប្រែងរបស់ពួកគេ និងដើម្បីលើកទឹកចិត្តបុគ្គលិកទាំងអស់ឲ្យព្យាយាមបន្ត។ លើសពីនេះទៅទៀតកម្មវិធីក៏មានរួមបញ្ចូលការពិសារភោជនីយអាហារ ការច្រៀងរាំលេងកំសាន្ត និងការលេងហ្គេមផ្សេងៗដើម្បីពង្រឹងសាមគ្គីភាព និងភាពសហប្រតិបត្តិការរបស់បុគ្គលិក ប្រកបដោយក្តីសោមនស្សរីករាយ៕