(កូរ៉េ)៖ តារាសម្ដែង, ផលិតករ, អ្នកដឹកនាំរឿងមកពីបណ្តាប្រទេសនានា បានមកជួបជុំគ្នា នៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង ដែលជាការជួបជុំលើកទី៧៥ សម្រាប់ឆ្នាំ២០២២នេះ។ ក្នុងចំណោមនោះ តារាស្រីរបស់កូរ៉េខាត្បូង IU គឺមានភាពលេចធ្លោរមិនស្ទើរនោះទេ តាមរយៈការដើរលើកម្រាលព្រំក្រហម ខណៈវត្តមានរបស់ IU ត្រូវបានអ្នកសារព័ត៌មានចាប់យករូបភាព ប្រណាំង គ្នាយ៉ាងសស្រាក់សស្រាំ ដែលធ្វើឲ្យនាងមានភាពលេចធ្លោរយ៉ាងខ្លាំង រហូតជាលទ្ធផលពេលនេះ ត្រូវបានក្រុមហ៊ុនម៉ាកយីហោល្បីៗជាច្រើន កំពុងប្រទាញប្រទង់គ្នា ដើម្បីបាន IU ធ្វើជាទូតសុឆន្ទៈសាកលតំណាងផលិតផលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន All KPOP នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ជាក់ស្តែង នៅថ្ងៃទី២៩ ខែឧសភា, Gucci បានអាប់ដេតគណនី Instagram ផ្លូវការរបស់ខ្លួនជាមួយនឹងរូបភាពរបស់ IU នៅក្នុងមហោស្រពភាពយន្ត Cannes លើកទី៧៥ ។ អ្នកតំណាងរបស់ Gucci បានលើកឡើងនាពេលថ្មីៗនេះ «យើងមិនអាចប្រាប់បានទេថាពេលណា IU ក្លាយជាទូតសុឆន្ទៈតំណាងផលិតផលរបស់យើងជាសាកល ដោយសារតែបច្ចុប្បន្នមានការប្រកួតប្រជែងជាមួយម៉ាកផ្សេង»។ ពីមុន IU បានផ្សព្វផ្សាយម៉ាកយីហោប្រណិតនេះ ក្នុងនាមជាទូតសុឆន្ទៈ របស់ Gucci នៅកូរ៉េ តាំងពីឆ្នាំ២០២០

គួរជម្រាបថា ប្រសិនបើ IU បានក្លាយជាទូតសុឆន្ទៈសាកលតំណាងប្រេន Gucci មែននោះ នាងក្លាយជាតារាកូរ៉េទី ៤ហើយ ដែលចូលរួមក្នុងគ្រួសារទូតសុឆន្ទៈសាកលរបស់ប្រេន Gucci បន្ទាប់ពី Kai សមាជិកក្រុម EXO, Lee Jung Jae និង Shin Min Ah៕