(ប៉ារីស)៖ ពលរដ្ឋអង់គ្លេស បានស្ថិតក្នុងចំណោម អ្នកដែលត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ក្រុមមនុស្សបានបង្កជាបញ្ហាចលាចល នៅឯការប្រកួតវគ្គផ្តាច់ព្រ័ត្រ លីគ Champions League កាលពីចុងសប្តាហ៍មុន រវាងក្រុម Liverpool និង Real Madrid, នេះបើតាមសម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ។

លោក Darmanin បានលើកឡើងថា ក្នុងចំណោមមនុស្ស២៩ឬ៣០នាក់ ឬច្រើនជាងនេះ ដែលត្រូវបានចាប់ខ្លួន នៅឯកីឡដ្ឋាន Stade de France របស់ទីក្រុង Paris កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ, "ច្រើនជាងពាក់កណ្តាល ត្រូវបានគេបារម្ភថា ជាពលរដ្ឋអង់គ្លេស"។ លោករដ្ឋមន្ត្រីបានបន្ថែមថា មានកម្រិត "ខ្នាតឧស្សាហកម្ម" នៃការលក់សំបុត្រចូលទស្សនាក្លែងក្លាយ ដែលបាននាំឲ្យក្រុមអ្នកគាំទ្រក្លិប Liverpool ប្រមូលផ្តុំគ្នា ដោយគ្មានសំបុត្រចូលទស្សនា។

លោករដ្ឋមន្ត្រីមហាផ្ទៃ បានលើកឡើងនៅថ្ងៃចន្ទនេះថា អ្នកគាំទ្រ Liverpool ដែលមិនមានសំបុត្រត្រឹមត្រូវនោះ ដំបូងឡើយ គឺបានទទួលខុសត្រូវចំពោះបញ្ហា នៅឯការប្រកួតផ្តាច់ព្រ័ត្រ Champions League, ប៉ុន្តែក្រោយមកបញ្ហាបានកើនឡើងកាន់តែធ្ងន់ធ្ងរ ដោយក្រុមយុវជនក្នុងស្រុក បានព្យាយាមដើម្បីបើកផ្លូវចូលទៅទស្សនាការប្រកួត។

ប្រធានប្រតិបត្តិក្លិប Liverpool លោក Billy Hogan បានលើកឡើងថា ក្លិបចង់ឲ្យមានការស៊ើបអង្កេតដោយតម្លាភាព ពីសំណាក់ UEFA ស្របពេលដែល រដ្ឋមន្ត្រីកីឡាអង់គ្លេស លោកស្រី Nadine Dorries ក៏បានជំរុញឲ្យ UEFA ធ្វើការស៊ើបអង្កេតផងដែរ៕