(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា អតីតនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Disney លោក Bob Iger បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនឌីហ្សាញអនឡាញដ៏ល្បីរបស់អូស្រ្តាលី Canva ហើយលោកក៏បានយល់ព្រមធ្វើជាទីប្រឹក្សារបស់ក្រុមហ៊ុនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យ Canva លោក Lachlan Andrews បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងពិតជារំភើបយ៉ាងខ្លាំងក្នុងការស្វាគមន៍ Bob Iger ក្នុងនាមជាអ្នកវិនិយោគ និងជាទីប្រឹក្សារបស់យើង»។ ខណៈដែលលោកបានបន្ថែមទៀតថា «លោក Bob នឹងនាំមកនូវបទពិសោធន៍ដ៏សម្បូរបែប នៃរយៈពេល ១៥ឆ្នាំ ក្រោមការដឹកនាំរបស់លោក រួមនឹងគំនិតច្នៃប្រឌិត ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគាត់»

យ៉ាងណាមិញលោក Iger និងអ្នកនាំពាក្យ Canva បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើទំហំទឹកប្រាក់នៃការវិនិយោគនោះទេ ប៉ុន្តែបើតាមប្រភពជិតស្និទ្ធគឺជាការវិនិយោគនៅក្នុងទំហំប្រាក់មួយដ៏ច្រើនសន្ធឹក។ ស្របពេលដែលក្រុមហ៊ុននេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយក្នុងនោះមានអតិថិជនប្រមាណជាង ៧៥លាននាក់ដែលបានប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនជារៀងរាល់ខែ។ ហើយលើសពីនេះទៅទៀត បន្ទាប់ពីការបង្កើនមូលនិធិនៅក្នុងខែកញ្ញាឆ្នាំមុន ឥឡូវនេះ Canva មានតម្លៃនៅលើទីផ្សាររហូតដល់ ៤០ពាន់លានដុល្លារ ដោយទទួលបានចំណាត់ថ្នាក់លេខ ៤នៅក្នុង បញ្ជី Disruptor 50 ប្រចាំឆ្នាំរបស់ CNBC ដែលបានចេញផ្សាយកាលពីដើមខែនេះ។

គួរជម្រាបដែរថា ចាប់តាំងពីការចាកចេញពី Disney កាលពីខែធ្នូមក លោក Iger បាននិងកំពុងវិនិយោគប្រាក់ផ្ទាល់ខ្លួនរបស់លោកនៅក្នុងក្រុមហ៊ុនជាច្រើន រួមទាំងក្រុមហ៊ុនចែកចាយ GoPuff និង ក្រុមហ៊ុនផលិតប្រដាប់ប្រដាលក្មេងលេង Funko ផងដែរ៕