(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសជ្រើសរើសកីឡាករ-កីឡាការិនី ដើម្បីចូលរួមហ្វឹកហាត់ និងបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាករ-កីឡាការិនីអាជីព សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានាពេលខាងមុខ។

តាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ការជ្រើសរើសកីឡាករ-កីឡាការិនីនេះ គឺដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា ស្របតាមផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាពរបស់សហព័ន្ធ និងដើម្បីត្រៀមលក្ខណៈប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

ចំពោះការទទួលពាក្យចុះឈ្មោះ សហព័ន្ធចាប់ផ្ដើមទទួលពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដោយបេក្ខភាពទាំងបុរស និងនារី ត្រូវមានលក្ខខណ្ឌមួយចំនួន ពិសេសត្រូវមានអាយុពី១៥ ទៅ ២៥ឆ្នាំដូចគ្នា តែបុរសត្រូវមានកម្ពស់ចាប់ពី ១.៨៥ម៉ែត្រឡើងទៅ ខណៈនារី ត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើងទៅ។

អ្វីដែលសំខាន់នៃការជ្រើសរើសខាងលើ គឺកីឡាការិនី ដែលសហព័ន្ធបានយកចិត្តទុកដាក់ ដើម្បីឲ្យស្របតាមលក្ខខណ្ឌបច្ចេកទេសរបស់ស៊ីហ្គេម ដែលតម្រូវឲ្យមានទាំងវិញ្ញាសាបាល់ទះបុរស និងបាល់ទះនារី ទើបម្ចាស់ផ្ទះអាចរៀបចំការប្រកួតបាន។ នេះបើតាមការបញ្ជាប់របស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។

លោកថា «ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់់ផ្ទះនេះ សម្រាប់វិញ្ញាសាបាល់ទះក្នុងសាលក្ដី ឆ្នេរខ្សាច់ក្ដី គឺទាមទារឲ្យមានវិញ្ញាសាបាល់ទះនារីដែរ នោះទើបយើងអាចមានសិទ្ធិដាក់វិញ្ញាសានេះក្នុងការប្រកួតបាន។ ដូច្នេះហើយសហព័ន្ធរបស់យើងមិនព្រងើយកន្តើយទេ ហើយយើងក៏ចង់រៀបចំឲ្យបានទាន់ពេលវេលា ដើម្បីយកឱកាសដាក់វិញ្ញាសាកីឡាបាល់ទះនេះនៅក្នុងប្រទេសកម្ពុជា»

សូមបញ្ជាក់ថា កាលពីថ្មីៗក្រុមបាល់ទះក្នុងសាលផ្នែកបុរសរបស់កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម។ ប៉ុន្ដែចំពោះវិញ្ញាសាបាល់ទះនារីវិញ ក្នុងការប្រកួតកីឡាស៊ីហ្គេមកន្លងមក កម្ពុជាពុំធ្លាប់ចូលរួមប្រកួតនោះទេ ពោលគឺចូលរួមតែវិញ្ញាសាបាល់ទះបុរសប៉ុណ្ណោះ។ ដូច្នេះឆ្នាំ២០២៣ គឺជាលើកដំបូង ដែលបាល់ទះនារីកម្ពុជា ត្រូវបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ៕