(អាមេរិក)៖ មិនថាជាការប្រគំតន្ត្រី, កម្មវិធីជួបជុំអ្នកគាំទ្រ ឬក៏នៅសេតវិមាននោះទេ អ្នកគាំទ្ររបស់ BTS (ARMYs) គឺបានត្រៀមខ្លួនរួចរាល់ ដើម្បីមានឱកាសបានជួបក្រុមនេះដោយផ្ទាល់។ អ្វីដែលគេចាប់អារម្មណ៍ មិនត្រឹមតែអ្នកគាំទ្រសាមញ្ញនោះទេ សូម្បីតែសមាជិកព្រឹទ្ធសភាអាមេរិក ក៏កំពុងអន្ទះសារចង់ឃើញក្រុម BTS ដោយផ្ទាល់ផងដែរ កំឡុងពេលក្រុមនេះ ទៅអាមេរិក ដើម្បីជួបលោក ចូ បៃឌិន នៅសេតវិមាន។ នេះបើតាមការចេញផ្សាយ របស់របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ជាក់ស្តែងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា (នៅកម្ពុជា) ក្រុមចម្រៀងដ៏ល្បីរបស់កូរ៉េខាងត្បូង BTS នឹងជួបប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅសេតវិមាន ដើម្បីពិភាក្សាពីការរើសអើងជាតិសាសន៍ និងអំពើស្អប់ខ្ពើមជនជាតិអាស៉ី និងរឿងរ៉ាវមួយចំនួនទៀត។ ទន្ទឹមគ្នានេះ កាលពីថ្ងៃទី២៨ កន្លងទៅ Jungkook បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Incheon គឺមួយថ្ងៃមុនសមាជិករបស់លោក ដើម្បីបំពេញការងារបន្ថែមដែលមិនទាន់បានបង្ហាញ។ ជាក់ស្ដែងសមាជិក BTS ទាំង ៦នាក់ផ្សេងទៀត ក៏បានទៅដល់សហរដ្ឋអាមេរិកអស់ហើយដែរ។

ទន្ទឹមគ្នានេះ លោកស្រី Natalie Andrews ដែលជាអ្នកយកព័ត៌មានរបស់កាសែត The Wallstreet Journal បានបង្ហោះសារលើ Twitter ដោយស្រង់សំដីពីសមាជិកព្រឹទ្ធសភាអាមេរិក Mazie Hirono យ៉ាងដូច្នេះថា Hirono លើកឡើងថា លោកស្រីគឺជាសមាជិកព្រឹទ្ធសភាតែម្នាក់គត់ ដែលស្គាល់ថា អ្នកណាជា BTS។ ប៉ុន្តែសមាជិកព្រឹទ្ធសភា Chris Coons ក៏ប្រញាប់ឆ្លើយតបតាមរយៈការ Tweet ជាមួយនឹងរូបថតរបស់ BTS ដែលបង្ហាញនៅលើតុរបស់លោកផ្ទាល់ ខណៈលោកស្រី Hirono ឆ្លើយតបវិញថា «បើអ្នកជាអ្នកគាំទ្រពិតប្រាកដ ដូច្នេះអ្នកណាជា Bias របស់អ្នក? ហើយកុំសួរក្រុមការងារឲ្យសោះ»៕