(ក្រុងឡុងដ៍)៖ នៅទីបំផុតក្លិបបាល់ទាត់អាជីព តោខៀវ Chelsea រកបានម្ចាស់ថ្មីមកគ្រប់គ្រងហើយ គឺវិនិយោគិនសញ្ជាតិអាមេរិក Todd Boehly ក្នុងតម្លៃប្រមាណ ៤.២៥ពាន់លានផោន ប្រហែលនឹង ៥.៣៥ពាន់លានដុល្លារ។

បុរសវ័យ ៤៨ឆ្នាំខាងលើនេះដែលជាប្រធាន និងនាយកប្រតិបត្តិមកពីក្រុមហ៊ុន Eldridge និងក្រុមហ៊ុន Clearlake Capital Group, L.P. បានប្រកាសរួមគ្នាក្នុងការក្លាយជាម្ចាស់ក្លិបដែលមានអាយុកាល ១១៧ឆ្នាំចាប់ពីពេលនេះតទៅ ដោយបានបញ្ចប់ការគ្រប់គ្រងអស់រយៈពេល ១៩ឆ្នាំពីសំណាក់សេដ្ឋីរុស្ស៊ី លោក Roman Abramovich ដែលបានទិញក្លិបជើងខ្លាំងប្រចាំទីក្រុង London មួយនេះកាលឆ្នាំ២០០៣ ក្នុងតម្លៃសរុបតែ ១៤០លានផោនតែប៉ុណ្ណោះ។

ម្ចាស់ថ្មីខាងលើនេះ ក៏បានចូលរួមទស្សនាសម្រាប់ ១ប្រកួតចុងក្រោយនៅថ្ងៃបិទរដូវកាល Premier League នៅពេល Chelsea យកឈ្នះក្រុមភ្ញៀវ Watford ២ទល់នឹង១ នៅកីឡដ្ឋាន Stamford Bridge ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ ជាមួយ ៧៤ពិន្ទុពីការប្រកួត ៣៨លើកពេញ ១រដូវកាល។

នៅចាំបានថា Chelsea ត្រូវបានដាក់លក់តាំងពីខែមីនា ឆ្នាំ២០២២ នៅមុនពេលម្ចាស់មុនលោក Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ក្រោមបទចោទប្រកាន់មានទំនាក់ទំនងស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបានបញ្ជាកងទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែននាចុងខែកុម្ភៈ ឆ្នាំ២០២២៕