(បាត់ដំបង)៖ ក្រុមហ៊ុនឌូវីអ៊ិនធើណេសិនណលបាត់ដំបង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍វិទ្យាស្រ្តលើកទី៦ (6th SCIEN FAIR2022) ក្រោមប្រធានបទ «Smart City, Smart World» នៅក្រុងបាត់ដំបង។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីថ្នាក់ដឹកសាលាមកពីសាខានានារួមមាន៖ លោក រ៉ូ ម៉ាឡេ ប្រធាការិយាល័យរដ្ឋបាល និងធនធានមនុស្ស នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល២, លោក កុយ ស៊ីដេត ប្រធានការិយាល័យហិរញ្ញវត្ថុ នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល, លោកបណ្ឌិត Raymond A. Zepp សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី និងជាទីប្រឹក្សាអប់រំជាន់ខ្ពស់ផ្នែកបឋម និងមធ្យមសិក្សា, លោកអនុបណ្ឌិត Partrict J.Mauculay ទីប្រឹក្សាអភិវឌ្ឍកម្មវិធីសិក្សាផ្នែកបឋម និងមធ្យមសិក្សា, លោក បួ វ៉ាន់ថន ប្រធានកម្មវិធីស្ទីម (STEAM) នៃឌូវី អ៊ិនធើណេសិនណល ផ្នែកអប់រំ និងបណ្ដុះបណ្ដាល, លោក GLECER CRIS ប្រធានកម្មវិធីសិក្សាបន្ថែម នៃឌូវី អ៊ិនធើណេសិនណល ផ្នែកអប់រំ និងបណ្ដុះបណ្ដាល, លោក និត សុភ័ក្ត្រ នាយករង ទទួលបន្ទុកប្រតិបត្តិ នៃសាលាអន្តរជាតិ បាត់ដំបង, លោក ប៊ូន សុវណ្ណ នាយកសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាអូរចារ។

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពន្យល់អំពីគុណសម្បត្តិ និងអត្ថប្រយោជន៍ នៃពិព័រណ៍វិទ្យាសាស្ត្រលើកទី៦ របស់សាលាចំណេះទូទៅអន្តរជាតិ ឌូវី ដែលនឹធ្វើឡើងនៅថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីលើកទឹកចិត្ត និងជំរុញសិស្សចូលរួមនៅក្នុងពិព័រណ៍វិទ្យាសាស្រ្ត។

ពិព័រណ៍វិទ្យាសាស្ត្រលើកទី៦នេះ នឹងបានផ្ដល់ជូនសិស្សានុសិស្សនូវចំណេះដឹង សមត្ថភាព និងការយល់ដឹងអំពីវិទ្យាសាស្រ្ត និងការសិក្សាបែបទំនើប នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ សិស្សានុសិស្សនឹងមានឱកាសក្នុងការបញ្ចេញ សមត្ថភាពដើម្បីប្រកួតប្រជែងជាមួយក្រុមដទៃទៀត ហើយនឹងមានការផ្ដល់ជូននូវរង្វាន់លើកទឹកចិត្តដល់ក្រុមដែលទទួលបានជ័យជំនះផងដែរ៕