(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេងជួរមុខរបស់ផលិតកម្ម «Galaxy Navatra» តន់ ចន្ទសីម៉ា បានទម្លាយខ្ទេចគ្មានសល់ពីដំណើររឿងកែសម្ផស្ស ជាពិសេសកែចង្ការ លើកខ្ទង់ច្រមុះ និងពុតធ្មេញ ដើម្បីឲ្យសម្រស់តាមទាន់សមត្ថភាពរបស់ខ្លួន ដែលកំពុងល្បី។ ការទម្លាយឲ្យដឹងនៅពេលនេះ គឺកាលពីមុនល្បីឈ្មោះ រូបសម្បត្ដិរបស់នាងមិនសូវស្អាតដូចពេលនេះទេ ធ្វើឲ្យមានអ្នកចំអន់ដល់រូបនាងច្រើន ខណៈដែលស្បែកមុខប្រតិកម្មនឹងម្សៅ ធ្វើឲ្យស្បែកមុខឡើងខ្មឹលៗ។ តាមរយៈការចំអន់ និងមើលងាយពីសម្រស់របស់នាងនាពេលនោះ បានធ្វើឲ្យតារាចម្រៀង តន់ ច័ន្ទសីម៉ា បានខិតខំស្វះស្វែងរកផលិតផលនានា មកលាបដើម្បីបំបាត់មុន និងកែសម្ផស្សលើចំណុចផ្សេងៗ រហូតបានក្លាយជាទូតសុឆន្ទៈរបស់ផលិតផលដ៏ល្បីមួយ មកពីប្រទេសកូរ៉េ។

ថ្លែងប្រាប់ Fresh News Plus ក្នុងឱកាសដែលតារាចម្រៀង តន់ ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុនមួយ ប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ នៅសណ្ឋាគារសូហ្វីតែល កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា រូបនាងបានទម្លាយថា នាងជាអ្នកចម្រៀងម្នាក់ ដែលធ្លាប់មានបញ្ហាស្បែកមុខ ព្រោះតែការប្រើផលិតផលពីមុនៗមកខុស ហេតុនេះហើយពេលនេះ នាងគិតថា ជាតារាក្រៅពីមានសមត្ថភាពហើយ ក៏ត្រូវមានរូបសម្រស់ ដើរទន្ទឹមគ្នាដែរទើបកាន់តែជោគជ័យ។ សីម៉ា បន្តថា នាងធ្លាប់ឈឺចាប់ត្រូវគេមើលងាយថាអត់ស្អាត ធាត់ពេក ហើយនាងមានអារម្មណ៍ថា អត់ហ៊ានចេញក្រៅ ព្រោះមុខឡើងមុន តែពេលនេះ ក្រោយនាងជ្រើសយកផលិតផល EEW9 ហើយ ប្រើសមដូចបំណង ទើបនាងសម្រេចចិត្តទទួលធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុននេះតែម្ដង។

តន់ ចន្ទសីម៉ា និយាយថា «ខ្ញុំជា Idol របស់គេអ៉ីចឹងមិនអាចប្រើផលិតផលមួយ ដែលគ្មានគុណភាពនាំឲ្យប៉ះពាល់ដល់ Fan របស់ខ្ញុំនោះទេ។ ក្រៅពីស្បែកមុខ ធ្មេញរបស់ខ្ញុំមួយចំនួនក៏ត្រូវដកចេញ ហើយបច្ចុប្បន្នទាំងស្ថានភាពធ្មេញ ចង្ការ និងខ្ទង់ច្រមុះមើលទៅសមសួនហើយ ហើយចុងក្រោយនេះ ខ្ញុំក៏បានបំបាត់បញ្ហាស្បែកមុខ ដែលជារឿងពិបាកចិត្ដបំផុត ហើយក៏ដូចជាបំបាត់ពាក្យចំអន់ដល់រូបខ្ញុំដែរ»

តារាចម្រៀង តន់ ច័ន្ទសីម៉ា បាននិយាយបន្តថា «ខ្ញុំមានការងារថតច្រើន ហើយមុខខ្ញុំត្រូវការផាត់មុខស្ទើរពេញ២៤ម៉ោង រាល់ថ្ងៃ ហើយខ្ញុំធ្លាប់ប្រតិកម្ម មុខឡើងខ្មឹល ឡើងអុចៗ ហើយចេញមុនច្រើនទៀត ធ្វើឲ្យខ្ញុំទទួលអារម្មណ៍មួយថាកាន់តែខ្មាសគេ។ ពីមុនឮគេថា លាបអីបាត់ទៅរកហើយ តែនៅមិនបាត់ ហើយឥឡូវខ្ញុំដោះស្រាយបញ្ហាស្បែកមុខបានជាមួយផលិតផល EEW9»

បើតាមតារាចម្រៀងរូបនេះ ហេតុដែលនាំឲ្យខ្លួន ទទួលយកការងារថ្មីដំបូងគេ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុននាំចូលផលិតផលថែទាំសុខភាព និងសម្រស់ពីប្រទេសកូរ៉េនេះរយៈពេល១ឆ្នាំ ក៏ដោយសារ តែនាងប្រើផលិតផលក្រុមហ៊ុននេះត្រូវ ហើយតម្លៃខ្លួនវិញក៏មិនទាបដែរ ប៉ុន្ដែនាងសុំលាក់សិន។

តារាចម្រៀង តន់ ច័ន្ទសីម៉ា បានក្លាយទៅជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនផលិតផល Cosmetic EEW9 ដែលការចុះកិច្ចសន្យានេះធ្វើឡើង ដោយមានអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy លោក យឹម តាស្រង់ ពេលនេះក្លាយ ទៅជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ ព្រមទាំងអគ្គនាយិការ ក្រុមហ៊ុនលោកស្រីជាម្ដាយរបស់អ៊ីអ៊ី និងអ្នកតំណាងផលិតផលមកពីកូរ៉េផងដែរ។

លោក យឹម តាស្រង់ ជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិ EEW9 បានឲ្យដឹងថា ទោះជាលោកធ្លាប់មានបទពិសោធន៍តែខាងនិពន្ធ និងដឹកនាំការងារសិល្បៈមែន តែការទទួលតំណែងថ្មីពេលនេះ លោកប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យក្រុមហ៊ុនមួយនេះទទួលជោគជ័យ នឹងកាន់តែរីកលូតលាស់ទៅមុខ។ លោកនឹងដឹកនាំតំណាងចែកចាយ និងអតិថិជនរបស់ EEW9 ដើម្បីឆ្ពោះ ទៅដល់គោលដៅជាមួយគ្នា តាមគោលការណ៍ដែលបានរៀបចំរួចជាស្រេច។

ដោយឡែកទាក់ទងអាជីពចម្រៀងវិញ តន់ ច័ន្ទសីម៉ា ថាក្រោយការចាកចេញរបស់លោក យឹម តាស្រង់ មកកាន់ការងារថ្មីនេះ នាងមិនមានការបារម្ភថាបទចម្រៀងរបស់នាង លែងមានលើទីផ្សារនោះទេ ព្រោះថា លោកស្រង់នៅតែសហការ និងជួយពីក្រោយដល់ផលិតកម្ម Galaxy ជានិច្ច៕