(ញូវដេលី)៖ ថ្មីៗនេះក្រុមហ៊ុនមេប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំមួយរបស់ប្រទេសឥណ្ឌា ShareChat បានទាក់ទាញការវិនិយោគបានជិត ៣០០លានដុល្លារពីក្រុមហ៊ុនធំៗរួមមាន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet Inc និងប្រព័ន្ធផ្សព្វផ្សាយយក្ស Time Group ឱ្យចូលរួមក្នុងការវិនិយោគដ៏ធំមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ទន្ទឹមនឹងនោះក្រុមហ៊ុន Temasek Holdings របស់ប្រទេសសិង្ហបុរីក៏បានចូលរួមចំណែកក្នុងកិច្ចព្រមព្រៀងនេះផងដែរ។ បើយោងតាមប្រពពីរ ដែលពាក់ព័ន្ធក្នុងការពិភាក្សាកិច្ចព្រមព្រៀងខាងលើបានថ្លែងប្រាប់ Reuters ថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះបានបណ្តាលឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមានតម្លៃជិត ៥ពាន់លានដុល្លារ។

យ៉ាងណាមិញត្រូវបានគេសម្គាល់ថានេះគឺជាការវិនិយោគដ៏ធំទីពីររបស់ Google ទៅក្នុងទំហំវីដេអូខ្លីៗរបស់ប្រទេសឥណ្ឌា ដែលពីមុន Google ក៏បានវិនិយោគក្នុងកម្មវិធីវីដេអូខ្លីៗ Josh ដែល ដែលជាកម្មវិធីប្រកួតប្រជែងជាមួយនឹងកម្មវីធីវីដេអូខ្លីៗ Moj ជាបុត្រសម្ព័ន្ធរបស់ ShareChat ផងដែរ។

បច្ចុប្បន្ននេះ ShareChat មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១៨០លាននាក់។ បើយោងតាមប្រភពមួយបានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនមេរបស់ ShareChat មានឈ្មោះថា Mohalla រួមនិង Moj ដែលទើបទិញបានកម្មវិធីថ្មីមួយផ្សេងទៀតគឺ MX TakaTak ដោយទទួលបានអ្នកប្រើប្រាស់សរុបនាពេលបច្ចុប្បន្ននេះលើសពី ៣០០លាននាក់ឯណោះ។

គួរបញ្ជាក់ដែរថា ShareChat ត្រូវបានគេវាយតម្លៃចុងក្រោយនៅក្នុងមូលនិធិចំនួន ២៦៦លានដុល្លារពីអ្នកវិនិយោគ Alkeon Capital និង Temasek គឺទទួលបានតម្លៃ ៣.៧ពាន់លានដុល្លារ ខណៈ Snap និង Twitter ក៏ស្ថិតក្នុងចំណោមអ្នកវិនិយោគរបស់ខ្លួនផងដែរ៕