(សៀមរាប)៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិ អប្សរា រៀបចំសិក្ខាសាលាស្តីពីការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ ជូនដល់ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតអប្សរា សរុបចំនួន២៥៥នាក់ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឡុង កុ សល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។
វគ្គសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់៣ ទី១.ចែករំលែកពីយុទ្ធសាស្ត្រការងារក្នុងការរៀបចំខ្សែទស្សនាតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ទី២.បង្ហាញពីការរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ និងប្រាសាទសាទនាគព័ន្ធ ដែលជាកាតព្វកិច្ចរបស់ភ្នាក់ងារទេសចរណ៍ដែលបំពេញការងារនៅតាមប្រាសាទ ក្នុងការចូលរួមធ្វើឱ្យការដាក់អនុវត្តខ្សែទស្សនាប្រកបដោយសុវត្ថិភាពខ្ពស់ និងទី៣.បង្ហាញពីតួនាទីចាំបាច់របស់ភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ ក្នុងការចូលរួមដាក់អនុវត្តដំណើរការខ្សែទស្សនាថ្មីនៅតាមប្រាសាទទាំងបីខាងលើ ដោយមានប្រសិទ្ធភាពខ្ពស់ ហើយចង់ឱ្យក្រុមការងារនៅតាមប្រាសាទបានស្វែងយល់ពីគុណតម្លៃប្រាសាទ ចំណុចទាក់ទាញរបស់ប្រាសាទ ហើយអាចជួយលើកតម្លៃប្រាសាទឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិយល់ដឹងកាន់តែច្បាស់ជាងមុន។
លោក ឡុង កុសល ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រង និងផ្តល់សេវាកម្មទេសចរណ៍ ព្រោះការគ្រប់គ្រងនៅទីកន្លែងមួយ គឺត្រូវទាមទារឱ្យមានភាពជំនាញ ក៏ដូចជាចំណេះដឹង ចំណេះធ្វើច្បាស់លាស់ ហើយអ្វីដែលសំខាន់នោះ គឺអ្នកដែលអនុវត្តផ្ទាល់។
ដូច្នេះហើយគោលបំណងថ្ងៃនេះ ដែលនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីឱ្យចំណេះជំនាញទាំងអស់នោះត្រូវបានបន្ត ត្រូវបានចែករំលែកជាគុណតម្លៃសម្រាប់ខ្លួនដែលជាអ្នកអនុវត្ត មានសេចក្ដីរីករាយ មានមោទកភាពចំពោះខ្លួន ក្រុមគ្រួសារ និងស្ថាប័ន។
លោកសង្ឃឹមថា ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលានេះរយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះទៅអនុវត្តឱ្យមានប្រសិទ្ធិភាព ដើម្បីធ្វើឱ្យប្រសើរឡើង ដែលការនេះអាជ្ញាធរជាតិអប្សរាតែងតែយកចិត្ត ទុកដាក់ ចំពោះ ការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី បុគ្គលិកដើម្បីអភិវឌ្ឍន៍ សមត្ថភាព និង ចំណេះដឹង៕