(សៀមរាប)៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសាលលលៃ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា បើកសិក្ខាសាលាស្តីពីបណ្ណសារអភិរក្សអង្គរ ដើម្បីបណ្តុះបណ្តាលតាមបែបវិទ្យាសាស្ត្រអំពីឯកសារនៃការអភិរក្សអង្គរតាំងពីឆ្នាំ១៩០៨-១៩៧៥។
សិក្ខាសាលានេះក៏ដើម្បីជួយសម្រួលការប្រើប្រាស់ឯកសារទាំងនោះដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗនៅក្នុងបរិបទបេតិកភណ្ឌ រួមមានអភិរក្សអង្គរ អាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវប្រើប្រាស់ឯកសារប្រភេទនេះជារៀងរាល់ថ្ងៃ (អ្នកថែរក្សា អ្នកជួសជុល អ្នកបុរាណវិទ្យា បណ្ណារក្ស) និងចែករំលែកវិធីសាស្រ្តស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធកាន់តែល្អប្រសើរ។
កម្មពិធីបើកសិក្ខាសាលានេះ ចូលរួមដោយ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក Brice Vincent ប្រធានវិជ្ជាស្ថានសាលាបារាំងចុងបូព៌ា និងសិក្ខាកាមជាមន្រ្តី-បុគ្គលិកមកពីស្ថាប័នពាក់ព័ន្ធ មានដូចជាអភិរក្សអង្គរ អាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សរុបប្រមាណ៣០នាក់។
លោក ឡុង កុសល លើកឡើងថា សិក្ខាកាមទាំងអស់សុទ្ធតែអ្នកត្រូវបន្តវេន ជាមនុស្សគន្លឹះទៅថ្ងៃអនាគតដែលមានភារកិច្ចក្នុងការចែករំលែកដល់អ្នកជំនាន់ក្រោយនូវកិច្ចការអ្វីដែលបានរៀបចំនៅពេលបច្ចុប្បន្ន។
លោកបន្ថែមថា ការរៀបចំបណ្តុះបណ្តាលបណ្ណសារអង្គរនេះ គឺស្តែងពីចំណេះជំនាញដែលយើងមាន និងធ្វើឡើងទៅតាមបច្ចេកទេស ការស្រាវជ្រាវច្បាស់លាស់ ពាក់ព័ន្ធនឹងការរៀបចំឯកសារប្រចាំថ្ងៃ។ ការរៀបចំទុកដាក់ឯកសារជាគុណប្រយោជន៍សម្រាប់អនាគតអ្នកជំនាន់ក្រោយដែលត្រូវការយកឯកសារទាំងនោះមកធ្វើជាតឹកតាង ធ្វើឯកសារយោងក្នុងកិច្ចការពាក់ព័ន្ធផ្សេងៗ។ របាយការណ៍ ឬឯកសារបច្ចេកទេសដែលគត់ត្រានាពេលបច្ចុប្បន្ននេះ គឺជាឯកសារគោល ឬជាមេរៀនយ៉ាងសំខាន់សម្រាប់មនុស្សជំនាន់ក្រោយនាពេលអនាគត។
លោកឱ្យដឹងទៀតថា ជាទស្សនរួមរបស់អាជ្ញាធរជាតិអប្សរា មាននូវទស្សនវែងឆ្ងាយ ក្នុងន័យបណ្តុះបណ្តាលកម្រិតចំណេះដឹង ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជូនដល់មន្រ្តី-បុគ្គលិក រួមទាំងអ្នកជំនាញគ្រប់លំដាប់ថ្នាក់។ អាជ្ញាធរជាតិអប្សរា ដាក់ទិសដៅធ្វើយ៉ាងណាមជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ មិនត្រឹមតែសម្រាប់អ្នកជំនាញការជាតិ ឬអន្តរជាតិដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ គឺមណ្ឌលបណ្តុះបណ្តាលអង្គរនឹងអាចក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់នាពេលថ្ងៃអនាគត៕