(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Karim Benzema ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំរដូវកាល (Player of the Season) នៃលីគប្រកួតបាល់ទាត់ Champions League បន្ទាប់ពីកាលពីយុទ្ធនាការ២០២០-២១ បានជាប់ជាកីឡាកររកគ្រាប់បាល់ បានច្រើនជាងគេបំផុត, នេះបើយោងតាមការបញ្ជាក់ពី UEFA ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។

កីឡាករលំដាប់អន្តរជាតិសញ្ជាតបារាំង Benzema វ័យ៣៤ឆ្នាំ បានស៊ុតបញ្ចូលទី១៥គ្រាប់ ក្នុង១២ប្រកួត ក្នុងនោះរួមទាំងការរកបាល់ហែតទ្រីក ក្នុងការប្រកួតប៉ះ Paris St Germain និង Chelsea ក្នុងវគ្គប្រកួតជម្រុះផងដែរ។

ជាមួយគ្នានោះ មិត្តរួមក្រុមរបស់ Benzema កីឡាករ Vinicius Junior ដែលបានស៊ុតបាល់បញ្ចូលទីត្រឹមតែ១គ្រាប់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង Paris នោះ ត្រូវបានតែងតាំងជាកីឡាករឆ្នើមវ័យក្មេង ប្រចាំរដូវកាល (Young Player of the Season) នៃព្រឹត្តិការណ៍ Champions League៕