(ប្រ៊ុចសែល)៖ អ្នកចាំទីសញ្ជាតប៊ែលហ្ស៊ិក Thibaut Courtois ត្រូវបានដកចេញពីក្រុមជម្រើសជាតិ សម្រាប់ការប្រកួតចំនួន៤របស់ពួកគេ នៅលីគ Nations League នៅរយៈពេល២សប្តាហ៍ខាងមុខ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានក្លាយជាវីរៈបុរស នៅឯការប្រកួតផ្តាច់ព្រ័ត្រ លីគ Champions League ជាមួយនឹងក្លិប Real Madrid, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។

លោកបានមានបញ្ហាក្រលៀន ហើយត្រូវបានដកចេញពីក្រុម បន្ទាប់ពីការពិនិត្យសុខភាព, នេះបើតាមការបញ្ជាក់ពី សហព័ន្ធបាល់ទាត់ប៊ែលហ្ស៊ិក បានឲ្យដឹងនាថ្ងៃអង្គារនេះ។

កីឡាករ Courtois បានលើកឡើងថា បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីថ្ងៃសៅរ៍, ជាការប្រកួតដែលក្លិបអេស្ប៉ាញរបស់លោក បានយកឈ្នះលើក្រុម Liverpool ក្នុងលទ្ធផល១-០ ដណ្តើមបានពានរង្វាន់ជើងឯកនោះ, លោកបានតស៊ូជាមួយបញ្ហារបួស អស់មួយរយៈជាមួយនឹងការរលាកឡើងវិញ នៅផ្នែកខាងក្នុងនៃភ្លៅរបស់លោក។

កីឡាករ Courtois ត្រូវបានបញ្ជូនទៅផ្ទះ បន្ទាប់ពីការត្រួតពិនិត្យសុខភាព ដោយក្រុមវេជ្ជបណ្ឌិតប៊ែលហ្ស៊ិក កាលពីថ្ងៃចន្ទ។

ប៊ែលហ្ស៊ិក បាននឹងកំពុងត្រៀមរៀបចំ សម្រាប់ការប្រកួត Nations League ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវហូឡង់ នៅថ្ងៃសុក្រ និងក្រុមជម្រើសជាតិប៉ូឡូញ នៅថ្ងៃពុធ បន្ទាប់មកនឹងធ្វើដំណើរ ទៅជួបក្រុមវែលស៍ នៅថ្ងៃទី១១ ខែមិថុនា ហើយនឹងវិលត្រឡប់ទៅប៉ូឡូញវិញ ក្នុងរយៈពេល៣ថ្ងៃបន្ទាប់៕