(តៃប៉ិ)៖ ថ្មីៗនេះក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោកបានបង្ហើបឱ្យដឹងថាខ្លួនមានបំណងបោះជំហានចូលទៅកាន់ទីផ្សារផលិតរថយន្តអគ្គីសនីដ៏ធំមួយ ដោយមើលឃើញថាខ្សែសង្វាក់ផលិតកម្មនឹងត្រូវបានដំណើរការល្អឡើងវិញ បន្ទាប់ពីការរាំងខ្ទប់កូវីដ១៩ នៅក្នុងទីក្រុងសៀងហាក់ដូចជាមានភាពធូរស្រាលជាខ្លាំង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ទន្ទឹមនឹងនេះប្រធានក្រុមហ៊ុនលោក Liu Young-Way បានលើកឡើងនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុនថា «យើងមានទំនុកចិត្តយ៉ាងខ្លាំងចំពោះស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងសម្រាប់ត្រីមាសនេះ»។ ស្របពេលដែលរដ្ឋាភិបាលក្រុងសៀងហៃក៏បានអនុញ្ញាតឱ្យប្រជាជនទាំងអស់នៅក្នុងតំបន់ដែលមានហានិភ័យទាបត្រឡប់ទៅធ្វើការវិញផងដែរ។

យ៉ាងណាមិញលោក Liu ក៏បានបង្ហាញដែរថា ក្រុមហ៊ុន Foxconn មានបំណងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដំបូងគេ ដោយលោកបញ្ជាក់ថា «នឹងមិនមានការខ្វះខាតលើការផ្គត់ផ្គង់សម្ភារៈទេ» ពោលគឺសំដៅទៅលើកង្វះខាតបន្ទះឈីបជាសកលដែលអូសបន្លាយពេល ដែលបានបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តបញ្ឈប់ការផលិត និងធ្វើឱ្យប៉ះពាល់ដល់ការផលិតស្មាតហ្វូន រួមទាំងក្រុមហ៊ុន Apple ដែលជាអតិថិជនដ៏សំខាន់ជាដើម។

ម្យ៉ាងវិញទៀតក្រុមហ៊ុន Foxconn ក៏មានបំណងចាប់យកទីផ្សាររថយន្តអគ្គីសនីពិភពលោកប្រហែល ៥ភាគរយគិតត្រឹមចុងឆ្នាំ២០២៥ ថែមទាំងសង្ឃឹមថានឹងអាចបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការផលិតបន្ទះឈីបសម្រាប់រថយន្តអគ្គីសនី ដែលភាគច្រើនជាសៀគ្វីរួមបញ្ចូលគ្នាកម្រិតទាប រួមទាំងឧបករណ៍ដែលប្រើក្នុងការគ្រប់គ្រងថាមពលផងដែរ៕