(ភ្នំពេញ)៖ សហព័ន្ធកីឡាជាតិ ត្រូវរ៉ាប់រង និងទទួលខុសត្រូវខ្ពស់ លើភារកិច្ចសំខាន់ៗ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ទី១-ការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីឲ្យមានគុណផលខ្ពស់ និងទី២-សហព័ន្ធត្រូវធ្វើការជាមួយសហព័ន្ធអន្ដរជាតិ ដើម្បីរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗ ដោយខ្លួនឯង។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាជាតិ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

កិច្ចប្រជុំខាងលើ បានផ្ដោតលើរបៀបវារៈសំខាន់ៗ ២ ទី១-ការត្រៀមខ្លួនធ្វើសៀវភៅបច្ចេកទេស (Technical Handbook) ដើម្បីកំណត់នូវបទបញ្ជាការប្រកួតតាមប្រភេទកីឡានីមួយៗ និងទី២-ការវែកញែក និងស្វែងរកឲ្យឃើញនូវអ្វីដែលជាចិត្តសាស្ដ្រ ក៏ដូចជាចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលទើបបញ្ចប់កាលពីថ្មីៗ។

ពាក់ព័ន្ធនឹងភារកិច្ចរបស់សហព័ន្ធជាតិ សម្រាប់ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា លោក វ៉ាត់ ចំរើន ពន្យល់ថា បន្ទាប់ពីសិក្សាអំពីចិត្ដសាស្ដ្រ ចំណុចខ្លាំង-ចំណុចខ្សោយ ពិសេសចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែមនោះ ភារកិច្ចទី១-សហព័ន្ធ ត្រូវអភិវឌ្ឍន៍បច្ចេកទេសរបស់កីឡាករឲ្យឈានទៅដល់ស្ដង់ដារ ដែលអាចស្វែងរកឧត្តមភាពបានក្នុងស៊ីហ្គេម ឆ្នាំ២០២៣។ ឯភារកិច្ចទី២ សហព័ន្ធត្រូវរៀបចំការប្រកួតតាមប្រភេទកីឡារបស់ខ្លួន ជាមួយសហព័ន្ធអន្ដរជាតិ ឲ្យបានរលូន ចប់ចុងចប់ដើម និងទទួលបានជោគជ័យ។

លោកបញ្ជាក់ថា «ភារកិច្ច ២ នេះ សហព័ន្ធជាតិ ជាអ្នករ៉ាប់រង និងទទួលខុសត្រូវខ្ពស់ ទៅលើព្រឹត្តិការណ៍ស៊ីហ្គេមរបស់យើង...។ យើងបានណែនាំ និងបានផ្ដល់ជាគោលការណ៍សំខាន់ៗ សម្រាប់ពួកគាត់យកទៅអនុវត្តទៅមានប្រសិទ្ធភាព ពិសេសការធ្វើការជាមួយសហព័ន្ធអន្ដរជាតិ ឲ្យមានលក្ខណៈស៊ីចង្វាក់គ្នា មានការគាំទ្រពីសហព័ន្ធអន្ដរជាតិទៅតាមប្រភេទកីឡានីមួយៗ ដែលយើងទទួលធ្វើម្ចាស់ផ្ទះ ។ ពួកគាត់ត្រូវចាប់ផ្ដើមធ្វើការងារនេះ ដោយទំនុកចិត្តជាមួយសហព័ន្ធអន្ដរជាតិ ដើម្បីឲ្យគាត់ទទួលបាននូវផែនការមុន វិធានការ ឬលក្ខខណ្ឌតម្រូវមុន ដើម្បីសហព័ន្ធអន្ដរជាតិយកមកធ្វើការអនុវត្តរបស់គាត់ឲ្យបានត្រឹមត្រូវ»

ចំពោះការងាររៀបចំសៀវភៅបច្ចេកទេស ឬ Technical Handbook វិញ គណៈកម្មាធិការជាតិ CAMSOC បានជំរុញឲ្យសហព័ន្ធជាតិនីមួយៗ ត្រូវរៀបចំឲ្យបានរួចរាល់ មុនកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅរាជធានីភ្នំពេញ នាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ដែលជាកិច្ចប្រជុំចុងក្រោយ ដើម្បីធ្វើការកំណត់ប្រភេទកីឡា និងកំណត់វិញ្ញាសាចុងក្រោយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕