(កំពង់ស្ពឺ)៖ ភ្នំខ្នងវិហារ ក៏ជាគោលដៅទេសចរណ៍ថ្មីមួយនៅក្នុងសហគមន៍អេកូទេសចរណ៍តាំងបំពង់ដូចទៅនឹងភ្នំខ្នងក្រពើផងដែរ។ នៅពេលដែលយើងឡើងទៅដល់ខ្នងក្រពើ និងផ្ទះស៉ីអាយរួចហើយ យើងអាចបន្តដំណើរទៅកាន់ភ្នំខ្នងវិហារនេះបានដោយងាយស្រួល។ ប្រសិនបើធ្វើដំណើរពីផ្ទះស៉ីអាយ ទៅកាន់ភ្នំខ្នងវិហារឱ្យបានដូចចិត្ត ភ្ញៀវទេសចរចំណាយពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកដើរព្រៃឡើងភ្នំគ្រប់គ្នា ក៏ត្រូវមានមគ្គុទ្ទេសក៍សហគមន៍យ៉ាងហោចពីរទៅបីនាក់ ដើម្បីដឹកនាំប្រាប់ផ្លូវកុំបីខានឱ្យសោះ។

តាមដងវិថីឡើងចុះនៅតាមជម្រាលភ្នំ យើងនឹងបានទស្សនាទេសភាពវាលស្មៅលូតលាស់ស្រស់ខ្ចីគួរជាទីគាប់ភ្នែក។ មិនយូរប៉ុន្មាន យើងនឹងបានទៅដល់កំពូលភ្នំចម្លែកនោះ ដែលក្រាបក្រាលសណ្ដូកទៅដោយសិលាថ្មដា គន់មើលគិតយូរ ទើបយល់សណ្ឋានប្រៀបដូចខឿនគ្រឹះវិហារអារាម។ ផុសផុតប្រឹថពីសឹងស្មើអាកាស បុព្វតាគិរីនេះក៏អាចប្រដូចទៅនឹងសំណង់បេតិកភណ្ឌ ដែលគង់នៅសេសសល់កណ្ដាលព្រឹក្សព្រៃ បាំងចិត្តនឹកស្មានមិនដល់។

បានជាជ្រុលកាយលង់ចិត្តនៅក្នុងឧទ្យានធម្មជាតិនេះហើយ ភ្ញៀវទេសចរក៏កុំរំលងការគយគន់សម្រស់វាលស្មៅ វាលស្រល់ដែលដុះដាលហែហមអមជុំវិញនោះ។ សួនផ្កាបំពង់ក្រឡោម ហ្វូងផ្កាចាហួយ ក៏ដល់វេលារីកស្គុះស្គាយស្ម័គ្រខ្លួនរចនាទេសភាពខ្នងវិហារយើង ឱ្យលេចត្រដែតឡើងកណ្ដាលភ្នែកទេសចរ។

សូរិយាទន់ទាបនភាប្រែពណ៌ អ្នកថ្មើរព្រៃយើងក៏ដល់នូវវេលាទទួលអាហារពេលល្ងាច។ សំឡេងក្អាក់ក្អាយជុំក្បែរភ្លក់ភ្លើង ញ៉ាំងបរិយាកាសភោជនាហារនៅលើខ្នងវិហារឲ្យកាន់មានឱជារស ព្រោះបានមគ្គុទ្ទេសក៍ផ្ចិតផ្ចង់រៀបចំជូន។ បោះតង់លើស្មៅសម្រាកមួយយប់ បង្គ្រប់អត្ថន័យដើរព្រៃទេសចរណ៍៕

* កម្មវិធីដំណើរខ្ញុំ នាំលោកអ្នកទៅកាន់តំបន់ទេសចរណ៍កម្សាន្តដ៏សម្បូរបែប និងជាទីគយគន់!

សូមទស្សនាវីដេអូទេសចរណ៍នៅខ្នងវិហារ ខេត្តកំពង់ស្ពឺ ដែលផលិតដោយ Fresh Studio ក្នុងកម្មវិធី «ដំណើរខ្ញុំ» វគ្គ១២៖