(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាស្ថាប័នទទួលប្រាក់បញ្ញើធំមួយ នៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈលើកដំបូង របស់ខ្លួន ជាមួយនឹង ឌីជេ ណាណា។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏ដូចជាមិត្តអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានថ្លែងថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបាន ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈ តំណាងឲ្យស្ថាប័នរបស់យើង។ នៅក្នុងសង្គមដែលពោរពេញដោយភាពប្រកួតប្រជែងនេះ ការផ្សព្វផ្សាយតាមរយៈឌីជីថលកាន់តែមានការកើនឡើងខ្ពស់ ហើយជាពិសេស ការជ្រើសរើស ទូតសុឆន្ទៈដែលតំណាង ឲ្យស្ថាប័ន នេះទៀតសោតពិតជាមានសារសំខាន់ណាស់ក្នុងការខិតទៅជិតអតិថិជនបានល្អ និងប្រសើរជាងមុន។ ក្នុងនោះផងដែរ អម្រឹត បានសម្រេចជ្រើសរើស ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈតំណាងឲ្យស្ថាប័នរបស់យើង អ្នកនាងពិតជាស័ក្តសមណាស់ ព្រោះអ្នកនាងគឺជាបុគ្គលសាធារណៈដែលមានឥទ្ធិពលមួយរូបក្នុងសង្គមនាពេលបច្ចុប្បន្ននេះ អ្នកនាងមិនត្រឹមតែជា បុគ្គលសាធារណៈ និងជាពិធីការនីដ៏មានប្រជាប្រិយភាព និងហោវាស័ព្ទនោះទេ អ្នកនាងក៏ជាសហគ្រិនស្រ្តីដែលមានទំនុកចិត្តម្នាក់ និងជាអ្នកផ្តល់មតិលើកទឹកចិត្តដល់សាធារណជន ក៏ដូចជាឧត្តមភរិយាល្អម្នាក់ដែលមានគ្រួសារមួយដ៏កក់ក្តៅផងដែរ»។
លោកបន្ថែមទៀតថា «ក្នុងនាមជាទូតសុឆន្ទៈ អ្នកនាងពិតជាអាចជួយឲ្យអម្រឹត សម្រេចបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដ៏មានតម្លាភាព និងគ្រប់គ្រាន់ទៅដល់អតិថិជន ប្រកបដោយភាពវិជ្ជមាន»។
ឌីជេ ណាណា ក៏បានបង្ហាញអារម្មណ៍រំភើប នៅក្នុងឱកាសនេះផងដែរ អ្នកនាងបានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺជាស្ថាប័នក្នុងស្រុកមួយដែលមានការគាំទ្រ ពីសំណាក់អតិថិជន ទាំងនៅទីប្រជុំជន និងជនបទ ហើយស្ថាប័នតែងតែផ្តោតសំខាន់លើអតិថិជនដែលមានចំណូលទាប និងមធ្យម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារ មានតួនាទីសំខាន់ណាស់ ក្នុងការពន្យល់ណែនាំអតិថិជនរបស់ខ្លួន ឲ្យយល់ដឹងពីលក្ខណៈពិសេសរបស់ផលិតផលនីមួយៗ ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែល្អប្រសើរ។
អ្នកនាងក៏បានលើកឡើងដែរថា «ការផ្តល់ព័ត៌មានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយជូនដល់អតិថិជន គឺពិតជាមានសារៈសំខាន់ណាស់ ដែលអាចចូលរួមក្នុងការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក៏ដូចប្រទេសជាតិផងដែរ។ បច្ចុប្បន្ននេះ អម្រឹត មានផលិតផលល្អៗជាច្រើន ដែលអាចរួមចំណែកជួយដល់អតិថិជនរបស់ខ្លួន រួមមាន ផលិតផលក្មេងឆ្លាត ឥណទានសហគ្រិនស្ត្រី និងឥណទានផ្សេងៗទៀត ដែលមានអត្ថប្រយោជន៍ល្អ សម្រាប់គ្រប់គ្នាដែលមានតម្រូវការ។ ក្នុងនាមជាទូតសុឆន្ទៈ ខ្ញុំនឹងប្រើប្រាស់សំលេងរបស់ខ្ញុំ ជួយពន្យល់ណែនាំទៅកាន់ប្រិយមិត្តទាំងអស់ ដើម្បីទទួលបានព័ត៌មានល្អៗជាច្រើន អំពីផលិតផលរបស់ អម្រឹត»៕