(ភ្នំពេញ)៖ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញ នូវការតាំងពិព័រណ៍អចលនទ្រព្យដ៏ពេញនិយមរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។

កម្មវិធីតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា ឆ្នាំ២០២២នេះ (Real Estate EXPO 2022) គឺជាព្រឹត្តិការណ៍ពិសេសមួយ ដែលរៀបចំឡើងដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ ឲ្យឈានដល់កម្រិតមួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្មសំខាន់ៗទាំងអស់នៅកន្លែងតែមួយ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជាដែលកំពុងតែរីកចម្រើន។

ពិព័រណ៍អចលនទ្រព្យនេះ គឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក នៃ Realestate.com.kh និងនាយកប្រតិបត្តិក្រុមហ៊ុន លោក Thomas O'Sullivan ជាមួយនឹងចក្ខុវិស័យ ដើម្បីធានា ដល់អតិថិជនដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន, យានយន្ត និងការទិញលក់ផលិតផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វីដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត ទាំងអតិថិជនក្នុងស្រុក និងអតិថិជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាជាដើម។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ នៅទូទាំងប្រទេសកម្ពុជា នឹងដាក់តាំងបង្ហាញរួមមាន៖ OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។

ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួមដើម្បីពិគ្រោះយោបល់ សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម។

ក្រៅពីការធានាបាននូវកិច្ចព្រមព្រៀង ទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួន ដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ ស្រដៀងគ្នានេះ រួមមានទាំងគ្រឿងអលង្ការពី Princess Alanka, នាឡិកាពី Watch Empire, គ្រឿងបរិក្ខារពី Seara Sports Systems, សំបុត្រកុនពីរោងភាពយន្ត Legend, គ្រឿងប្រើប្រាស់ពី Fotile, Mitsubishi និងជាច្រើនទៀត។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ នឹងផ្តល់ជូននូវការលើកទឹកចិត្តដល់អ្នកទិញជាច្រើនក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ។ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២-៣ ខែកក្កដា ចាប់ពីវេលាម៉ោង០៩៖០០ព្រឹក រហូតដល់ម៉ោង០៦៖០០ល្ងាច ។

លោក Thomas O'Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា «ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ ក្នុងឆ្នាំ២០១៩មក យើងបានខកខានប្រារព្ធកម្មវិធីនេះ ជាបន្តបន្ទាប់ ដោយសារជំងឺរាតត្បាត ប៉ុន្តែខណៈនេះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើល ជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទ ដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ដោយនេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួមដែលមានចំនួនជាង៥០០០ ដោយអ្នកទាំងនោះ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ‍»

លោក Thomas O'Sullivan បានបន្តថា «ជាចុងក្រោយគោលដៅរបស់យើង គឺផ្តល់ឲ្យគ្រួសារកម្ពុជានូវឱកាសមួយដើម្បីទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឲ្យពួកគេអាចមានថ្ងៃ ដ៏អស្ចារ្យជាមួយគ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាពដូចជាសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, មានកន្លែងក្មេងលេង, កន្លែងបង្ហាញរថយន្ត, អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល»

ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកចុងក្រោយ ដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយ ដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យ ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការ លក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនជាង៣០លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង២០,០០០នាក់។ មិនតែប៉ុណ្ណោះ កាលពីដើមឆ្នាំ២០១៩ ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង១៥,០០០នាក់ និងឈានដល់ការលក់ជាង២០លានដុល្លារ៕