(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងវិបត្តិខ្វះឈាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ដែលបង្កហានិភ័យខ្ពស់ដល់ការមើលថែទាំអ្នកជំងឺ។

ក្នុងអំឡុងពេលមានវិបត្តិនេះ វេជ្ជបណ្ឌិតត្រូវបានបង្ខំចិត្ត ឲ្យធ្វើការសម្រេចចិត្តដ៏លំបាកសម្រាប់អ្នក ដែលទទួលបានការបញ្ចូលឈាម និងអ្នកដែលនឹងត្រូវរង់ចាំរហូតទទួលបានឈាម ហើយការបរិច្ចាគឈាម គឺរឿងចាំបាច់ជាខ្លាំង ដើម្បីជួយការពារ និងពន្យារពេលបន្ថែមទៀត ក្នុងការព្យាបាលវេជ្ជសាស្រ្តសំខាន់ៗ។

ដោយសារស្ថានភាពជំងឺ Covid-19 នៅកម្ពុជា នាពេលបច្ចុប្បន្ន បានបន្តធ្លាក់ចុះនិងមានភាពប្រសើរឡើងវិញ មនុស្សជាច្រើនទន្ទឹងរង់ចាំជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដែលជាការចងចាំដ៏ល្អ ព្រោះមានការខកខានជាយូរនៃការជួបជុំដោយសារជំងឺ Covid-19 ហើយបានធ្វើឲ្យមនុស្សម្នារក្សាគម្លាត។

ដើម្បីបង្កើតការជួបជុំដ៏ល្អ និងលើកទឹកចិត្ត ឲ្យសមាជិកយល់ពីសារសំខាន់ និងតួនាទីក្នុងការជួយជីវិតមនុស្ស ក្រុមហ៊ុន TF Motors បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងរៀបចំបុគ្គលិកស្ម័គ្រចិត្តជាច្រើន ដោយធ្វើការបរិច្ចាគឈាម នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន TF Motor នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ដូចដែរអ្នកបានដឹងហើយថា ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខ នៃរថយន្តម៉ាក MG, រថយន្ត Maxus និងម៉ូតូ Royal Enfield មកកាន់ប្រទេសកម្ពុជា ជាមួយនឹងការណែនាំអ្នកបើកបរ ក្នុងស្រុកជាមួយនឹងបទពិសោធន៍ដ៏ល្អ នៃការប្រើប្រាស់រថយន្តយីហោរបស់ចក្រភពអង់គ្លេសដ៏ល្បីល្បាញ អមជាមួយអាទិភាពនៃតម្លៃយ៉ាងសមរម្យ នៃផលិតផលរបស់ក្រុមហ៊ុន TF Motors។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានថ្លែងថា «តម្រូវការឈាមគឺតែងតែមាននៅក្នុងប្រទេសកម្ពុជា ហើយយើងក៏សូមអរគុណដល់បុគ្គលិកជាច្រើន នៅក្នុងក្រុមហ៊ុនដែលបានយល់ច្បាស់ពីសារៈសំខាន់ នៃការជួយគ្នា និងសម្រេចចិត្តបរិច្ចាគឈាមដើម្បីជួយដល់អ្នកជំងឺដែលត្រូវការឈាម»

លោកបន្ដថា «យើងខ្ញុំសង្ឃឹមថា ការវត្តមាននៃរថយន្ត MG, Maxus, Royal Enfield នៅកម្ពុជានឹងនាំយកនូវអ្វីដែលល្អៗ ក៏ដូចជាការដឹកនាំគ្រប់គ្រងបុគ្គលិកទាំងអស់របស់យើងឲ្យមានទឹកចិត្តល្អ ដើម្បីជួយអភិវឌ្ឍសហគមន៍ជាតិរបស់យើង និងគាំទ្ររាល់សកម្មភាពល្អៗជាមួយរដ្ឋ»

កញ្ញា រតនា មន្ត្រីទំនាក់ទំនងសាធារណៈនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា «ការបរិច្ចាគឈាមម្តងអាចជួយសង្គ្រោះជីវិតមនុស្សបានច្រើនជាងមួយនាក់ និងអាចជួយទៅដល់ក្មេងជំទង់ម្នាក់ដែលជួបឧបទ្ទវហេតុ, ជួយមនុស្សចាស់ជរាដែលត្រូវការការវះកាត់បេះដូង, ជួយមិត្តភក្តិដែលកំពុងព្យាបាលជំងឺមហារីក ឬជួយដល់កុមារដែលមានជំងឺកោសិកា»

កញ្ញាបន្ដថា «យើងខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង ហើយក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន TF Motors Cambodia ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងធ្វើកម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះ»