(ភ្នំពេញ)៖ ក្រុមហ៊ុន តាការ៉ា ស្តង់ដារ ជាក្រុមហ៊ុនផលិត និងតម្លើងប្រព័ន្ធផ្ទះបាយ របស់ប្រទេសជប៉ុន បានសហការជាមួយក្រុមហ៊ុន ហារឺកុ ដៃគី ខូ អិលធីឌី បើកសម្ពោធផលិតផលប្រព័ន្ធចង្រ្កានបាយទំនើប យីហោ តាការ៉ា ស្តង់ដារ និងសម្ភារបន្ទប់ទឹក ដែលមានប្រវត្តិ១១០ឆ្នាំ ត្រូវនាំមកចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា។

ពិធីបើកសម្ពោធនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងអ្នកវិនិយោគិនជប៉ុន និងភ្ញៀវកិត្តិយសមួយចំនួនផងដែរ។

សម្រាប់ទីតាំងក្រុមហ៊ុន ស្ថិតនៅផ្ទះលេខ២១៧ និង២១៩ ក្នុងបុរីជីបម៉ុង លេនម៉ាក២៧១ រាជធានីភ្នំពេញ។

ក្រុមហ៊ុន តាការ៉ា ស្តង់ដារ ជាក្រុមហ៊ុនផលិត និងតម្លើងប្រព័ន្ធផ្ទះបាយ នៅប្រទេសជប៉ុន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១២ ហើយបើគិតមកដល់ពេលនេះ គឺមានអាយុកាល១១០ឆ្នាំហើយ។ ដោយសារតែការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅឆ្នាំ១៩៦២ ក្រុមហ៊ុនទទួលបានជោគជ័យនូវចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការផលិតប្រព័ន្ធចង្រ្កាន Enamel។ ក្រុមហ៊ុនបានកំណត់អាទិភាពចម្បង គឺរួមចំណែកដល់ការកែលម្អគុណភាពជីវិតរបស់មនុស្សគ្រប់រូប។

បច្ចុប្បន្ននេះ ក្រុមហ៊ុន តាការ៉ា ស្តង់ដារ មានសាខាចំនួន១៧០ទីតាំង នៅក្នុងប្រទេសជប៉ុន ហើយមានសាខានៅក្រៅប្រទេសចំនួន ៦ប្រទេស។ ដោយឡែកនៅបណ្តាប្រទេសអាស៊ាន គឺបានបើកដំណើរការចំនួន ៣ប្រទេសរួចមកហើយ គឺនៅប្រទេសមីយ៉ាន់ម៉ា ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម ហើយពេលនេះមានមួយទៀត គឺនៅក្នុងប្រទេសកម្ពុជា។

ពេលនេះក្រុមហ៊ុន តាការ៉ា ស្តង់ដារ បានសហការជាមួយក្រុមហ៊ុន ហារឺកុ ដៃគី ខូ អិលធីឌី ដើម្បីចែកចាយផលិតផលទាំងនេះនៅក្នុងប្រទេសកម្ពុជា។

លោកស្រី ហុង សំភាព ប្រធានក្រុមហ៊ុន ហារឺកុ ដៃគី ខូ អិលធីឌី បានឱ្យដឹងថា ដោយមើលឃើញការរីកចម្រើនរបស់ប្រទេសកម្ពុជា ប្រជាពលរដ្ឋមានជីវភាព កាន់តែធូរធារ ដូច្នេះ លោកស្រីក៏សម្រេចនាំយកផលិតផលចង្ក្រាន និងការតម្លើងចង្ក្រានយីហោ តាការ៉ា ស្តង់ដារ ដែលជាម៉ាកយីហោដ៏ល្បីបំផុតនៅប្រទេសជប៉ុន មកចែកចាយនៅក្នុងប្រទេសកម្ពុជា។ ចំណុចពិសេសបំផុតរបស់ផលិតផល គឺសោភ័ណភាព គុណភាព និងមានតម្លៃសមរម្យ ស្របតាមកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

អ្វីដែលកាន់តែពិសេសនោះ គឺគុណភាពរបស់ផលិតផលនេះ គឺងាយជូតសម្អាត មិនឆ្កូតជាមួយដែក មិនបែក មិនដុះ ស្នឹម ឬដុះផ្សិត ជាពិសេសធន់នឹងកំដៅបានដល់ ៨៥០អង្សារសេ (មិនឆេះ) និងងាយស្រួលតម្លើង៕