(ភ្នំពេញ)៖ ទិវាកុមារអន្តរជាតិ គឺជាថ្ងៃពិសេសមួយ ដែលត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ ជាធម្មតាក្នុងឱកាសនេះ កុមារៗជាច្រើនតែងតែត្រូវបានឪពុកម្តាយនាំទៅញ៉ាំអាហារឆ្ងាញ់ៗ នៅតាមហាងអាហារល្បីៗ និងទទួលបានកាដូជាទីស្រលាញ់ ប្រកបដោយស្នាមញញឹមរីករាយ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះផងដែរ កុមារកំព្រាមិនទទួលបានឱកាសដ៏សប្បាយរីករាយបែបនេះ ជាមួយក្រុមគ្រួសារនោះទេ។

ដោយមើលឃើញបែបនេះ ហាងអាហារល្បីៗទាំង៤ ម៉ាកយីហោ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនយីនកុកហ្វូដខប (Yinkok Food Corp) រួមមានហាងភីហ្សា Domino’s Pizza ហាងបឺហ្គឺនិងមាន់បំពង Lotteria ហាងនំប៉័ងនិងនំខេក TOUS les JOURS និងហាងអាហារបែបចិននិងអាស៊ី TAK (The Asian Kitchen) ក៏បានសហការគ្នារៀបចំជាកម្មវិធីសប្បុរសធម៌ដ៏ធំមួយ ដើម្បីចែករំលែកអាហារនៃក្តីស្រលាញ់ដ៏ឆ្ងាញ់ពិសេស ដល់កុមារកំព្រាទាំងអស់នៅក្នុងមណ្ឌលកុមារកំព្រាមែកឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ផន ផល្លា ជាប្រធានមណ្ឌល។

កម្មវិធីសប្បុរសធម៌នេះមានការចូលរួមពីសំណាក់លោក គួច សុខលី ជាអគ្គនាយកក្រុមហ៊ុនយីនកុកហ្វូដខប(Yinkok Food Corp) រួមទាំងអ្នកគ្រប់គ្រងនិងក្រុមការងារប្រចាំហាងអាហារ Domino’s Pizza, TOUS les JOURS, Lotteria និង TAK (The Asian Kitchen) ក៏ដូចជាតំណាងអ្នកគ្រប់គ្រងនៅមណ្ឌលកុមារកំព្រាមែកឈើ រួមជាមួយកុមារកំព្រាទាំង ៩៨ នាក់ និងបុគ្គលិកទាំងអស់នៅមណ្ឌលផងដែរ។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ កុមារកំព្រាទាំងអស់ទទួលបានអាហារដ៏ឈ្ងុយឆ្ងាញ់ រួមមានភីហ្សារបស់ដូមីណូភីហ្សា នំប៉័ងនិងនំខេករបស់ហាង TOUS les JOURS មាន់បំពងរបស់ហាង Lotteria និងភេសជ្ជៈ អមដោយសម្ភារៈសិក្សា រួមជាមួយអង្ករ មីកញ្ចប់ ម្សៅទឹកដោះគោសម្រាប់បំបៅទារកកំព្រាក្នុងមណ្ឌល និងថវិកាសម្រាប់បុគ្គលិកមណ្ឌលផងដែរ។ កាន់តែពិសេសផងដែរនោះ នំខេកដ៏ស្រស់ស្អាតនិងឈ្ងុយឆ្ងាញ់របស់ហាង TOUS les JOURS ក៏ត្រូវបានរៀបចំឡើងយ៉ាងធំជាពិសេសរហូតដល់ទំហំកន្លះម៉ែត្រ ដើម្បីឱ្យក្មេងៗបានផ្លុំនំខេកជុំគ្នា និងកាត់នំខេកចែកគ្នាទទួលទានយ៉ាងសប្បាយរីករាយ ប្រៀបដូចជាក្រុមគ្រួសារដ៏កក់ក្តៅ។

នេះមិនមែនជាលើកទី១ ទេ ដែលហាងភីហ្សា Domino’s Pizza ហាងនំប៉័ងនិងនំខេក TOUS les JOURS ហាងបឺហ្គឺនិងមាន់បំពង Lotteria និងហាងអាហាររសជាតិបែបចិននិងអាស៊ី TAK (The Asian Kitchen) រៀបចំកម្មវិធីចែកជូនអាហារសប្បុរសធម៌បែបនេះ។ កន្លងមក ហាងល្បីៗទាំង ៤ ម៉ាកយីហោ តែងតែចូលរួមយ៉ាងសកម្មក្នុងការជូនអាហារដល់គ្រូពេទ្យជួរមុខ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ ការជូនអាហារដល់អ្នកខ្វះខាត ការជូនអាហារដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងពេលមានគ្រោះទឹកជំនន់នៅកម្ពុជា កាលពីពេលកន្លងទៅ រួមទាំងការឧបត្ថម្ភអាហារដល់អង្គការកុមារកំព្រា និងអង្គការសប្បុរសធម៌ជាច្រើនទៀត៕