(ភ្នំពេញ)៖ ក្រុមនិស្សិតមានគ្នាប្រហែល៨០នាក់ សិក្សាផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានបញ្ចប់ដំណើរទសន្សកិច្ចដ៏ធំប្រចាំឆ្នាំគឺ Eco Study Trip 2022 ចាប់ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២២ ដោយជោគជ័យ។

ដំណើរទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃ២យប់ លើទឹកដីខេត្តតាកែវ និងខេត្តកំពតក្រោមប្រធានបទ «សាមគី្គភាពរបស់យុវជន ជាផ្នែកមួយនៃការអភិវឌ្ឍន៍សង្គម»។

ថ្ងៃទីមួយនៃដំណើរទស្សនកិច្ចក្រុមនិស្សិត បានធ្វើដំណើរទៅវិទ្យាល័យអង្គរនាប មានទីតាំងស្ថិតនៅខេត្តតាកែវ ដើម្បីផ្ដល់សៀវភៅដែលបានមកពី ការបរិច្ចាគពីសំណាក់សារធារណជន ប្រគល់ជូនទៅកាន់បណ្ណាល័យនៃវិទ្យាល័យអង្គរនាប។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណង ផ្ដល់សៀវភៅជាប្រយោជន៍ ដល់សិស្សានុសិស្សទាំងអស់ ក្នុងកាពង្រឹងចំណេះដឹងរបស់ខ្លួន តាមរយៈធ្វើការស្រាវជ្រាវបន្ថែម ក៏ដូចជាលើកស្ទួយវិស័យអំណានផងដែរ។

ទន្ទឹមនេះក្រុមនិស្សិតបានចុះតាមថ្នាក់ផ្ទាល់ ដើម្បីចែករំលែកបទពិសោធន៍ តម្រង់ទិសសិក្សាចំណេះដឹង ក្នុងការត្រៀមខ្លួន សម្រាប់សាកលវិទ្យាល័យ និងបញ្ហាបរិស្ថានទៅកាន់សិស្សានុសិស្សទី១២ទាំង៨ថ្នាក់នៅវិទ្យាល័យព្រះសម្ដេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រិយ នរោត្តម ម៉ារីរណឬទ្ធិ អង្គរនាប។

នៅរសៀលថ្ងៃដដែលនោះក្រុមនិសិត្សទាំងអស់ បានបន្តដំណើរទៅកាន់រមណីយដ្ឋានទំនប់ម្លេច ដើម្បីចូលរួមដាំដើមឈើ ក្នុងបរិវេណនៃរមណីយដ្ឋាននោះផងដែរ។ ការដាំដើមឈើនៅទីនោះជាសារបង្ហាញ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យស្វែងយល់ពី សារៈសំខាន់នៃដើមឈើដែលផ្ដល់នូវជម្រក និងម្លប់ដល់មនុស្សសត្វទាំងពួង និងលើកស្ទួយទេសចរណ៍ពណ៌បៃតង។

ការដាំដើមឈើនេះក៏បានជួយជំរុញលើកទឹកចិត្ត ដល់សិស្សនិស្សិត និងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យចេះស្រលាញ់បរិស្ថានចេះការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីជួយស្ដារឡើងវិញនូវបរិមាណព្រៃឈើ និងដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុដែលកើតមានឡើង។

នៅថ្ងៃបន្ទាប់ក្រុមនិស្សិត បាននាំយកអំណោយបានមកពីសប្បុរសជននានា ទៅចែកជូនកុមារកំព្រា និងជនពិការមានដូចជា អង្ករ គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ សម្ភារៈសិក្សា និងថវិកាមួយចំនួនទៀតនៅវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ ហៅកាត់ថា KCDI។
ក្នុងគ្រានោះក្រុមនិស្សិតទាំងអស់ ក៏បានចូលរួមទស្សនាការសម្ដែងសិល្បៈ និងការលេងឧបករណ៍ភ្លេងបុរាណខ្មែរ ដែលសម្ដែងដោយកុមារកំព្រា និងជនពិកាដែលនៅទីនោះផងដែរ។

សកម្មភាពនេះធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ និងសិល្បៈបុរាណខ្មែរឱ្យកាន់តែរីកចម្រើន និងធ្វើឲក្រុមនិសិត្សយល់ដឹងបន្ថែមពី សិល្បៈបុរាណ ព្រមទាំងលើកទឹកចិត្ត ដល់ប្រជាជនទាំងអស់ឱ្យចេះស្រឡាញ់ និងគាំទ្រការរពារក៏ដូចជាអភិរក្ស សិល្បៈបុរាណខ្មែរផងដែរ។

ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ច Eco Study Trip 2022 ក្រុមនិសិត្សទាំងអស់បាននាំគ្នារៀបចំការប្រគំតន្រី្តខ្នាតតូចមួយ ដើម្បីអាចឱ្យសិស្សនិស្សិត បញ្ចេញនូវសមត្ថភាពរបស់ខ្លួនដូចជា ការច្រៀងចម្រៀងប្រពៃណីជាតិ និងអន្តរជាតិ និងការរាំបទប្រពៃណីយខ្មែរជាដើម។ មិនតែប៉ុណ្ណោះការប្រគុំតន្រ្តីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសាទរនៃការបើកដំណើរការឡើងវិញ នូវកម្មវិធីទស្សនកិច្ចសិក្សា Eco Study Trip បន្ទាប់ពីការខកខានអស់រយៈពេល២ឆ្នាំកន្លងមក ដោយសារជម្ងឺរាតត្បាតនៃកូវីដ១៩ ដើម្បីបង្កើតឲ្យមាននូវការកំសាន្ត និងភាពសប្បាយរីករាយរបស់ក្រុមនិស្សិតបន្ទាប់ ពីបានបញ្ចប់ការបំពេញបេសកកម្មការងារសង្គម។

តាមរយៈការសម្ដែងសិល្បៈប្រពៃណី និងសម័យពីសំណាក់ក្រុមនិស្សិត ក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមនិស្សិតក្នុងការ បញ្ចេញសមត្ថភាពសិល្បៈ និងបណ្ដុះផ្នត់គំនិតក្នុងការស្រលាញ់ វប្បធម៌ និងសិល្បៈជាតិ និងអន្តរជាតិ។

ដំណើរទស្សនកិច្ចសិក្សា Eco Study Trip 2022 អាចប្រព្រឹត្តទៅបានដោយមានការគាំទ្រពីអ្នកចូលរួមជាសិស្សនិស្សិតផ្ទាល់ រៀមច្បងលោកគ្រូ-អ្នកគ្រូ សាស្រ្តាចារ្យ និងសប្បុរសជននានាពិសេស ការគាំទ្រពីដេប៉ាតម៉ង់បារាំងផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងពីសំណាក់ក្រុមហ៊ុនឧបត្ថម្ភ Toyota Cambodia, សណ្ឋាគារ Le Kree Downtown, Decathlon Cambodia និង Coca-Cola Cambodia រួមជាមួយដៃគូផ្សព្វផ្សាយ ស្ថានីយទូរទស្សន៍PNN, សារព័ត៌មាន Fresh News, សារព័ត៌មាន Rasmei Kampuchea Daily និង RULERs៕