(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល Prince Holding Group លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ Prince Holding Group ស្តីពីការគាំទ្រដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (Cambodia Wheelchair Basketball Federation)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ថា្នក់ដឹកនាំ Prince Holding Group ដែលបានផ្តល់ចិត្តមេត្តាធម៌ យកចិត្តទុកដាក់ និងគាំទ្រឧបត្ថម្ភដល់កីឡាបាល់បោះរទេះជនពិការ និងជនមានពិការភាពនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្រុមការងារអាជ្ញាធរមីន និង ក្រុមការងារ Prince Holding Group នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងជជែកពិភាក្សាការងារលម្អិត ពាក់ព័ន្ធនឹងការរៀបចំ ប្រព្រឹត្តិទៅលើការគាំទ្រដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងការត្រៀមលក្ខណៈដើម្បីចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោកទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ លោក Seu Muy (Bel) ជាជនរងគ្រោះពិការភាពដោយសារគ្រាប់មីន និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ចំពោះទឹកចិត្តមុះមុតដឹកនាំកីឡាបាល់បោះរទេះជនពិការចូលរួមគ្រប់ការប្រកួតប៉ារ៉ាឡាំពិក និងការត្រៀមលក្ខណៈចូលរួមសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។

លោកបានថ្លែងអំណរគុណដល់លោក Mike Tuon ជនជាតិខ្មែរ-អាមេរិកាំង ដែលជាគ្រូបង្វឹកបាល់បោះ និងជាអតីតកីឡាករបាល់បោះនៅសហរដ្ឋអាមេរិក ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តហ្វឹកហ្វឺនដល់កីឡាបាល់បោះរទេះជនពិការនៅកម្ពុជា៕