(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាម៉ោង ៧យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា បានចាត់ទុកការប្រកួតនេះ គឺជាការកម្ដៅសាច់ដុំដ៏សំខាន់ សម្រាប់ត្រៀមការប្រកួតវគ្គចែកពូលពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup នៅប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ ។ ហេតុនេះ លោករំពឹងថា កូនក្រុមរបស់ខ្លួន នឹងធ្វើបានល្អក្នុងការប្រកួតនេះ ដើម្បីដណ្ដើមជ័យជម្នះ ។

លោក Honda លើកឡើងថា «យើងមានការប្រកួតដ៏សំខាន់នៅឥណ្ឌា ហើយការប្រកួតនេះពិតណាស់គឺជាការប្រកួតដើម្បីត្រៀម ប៉ុន្តែយើងត្រូវតែឈ្នះទីម័រ ព្រោះយើងបានចាញ់ក្នុងការប្រកួត AFF U-23 កាលពីខែកុម្ភៈ។ ខ្ញុំប្រាកដណាស់ វានឹងក្លាយជាការប្រកួតដ៏ពិបាក ពីព្រោះពួកគេជាក្រុមដ៏ល្អ និងមានកីឡាករមានទេពកោសល្យជាច្រើន ។ ដូចអ្នកបានដឹង ពួកគេគឺជាក្រុមដែលមានបច្ចេកទេសល្អ មាឌមិនធំ ហើយក៏មិនជាខ្ពស់ ប៉ុន្តែពួកគេពិតជាមានជំនាញ។ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ចំណុចខ្លាំងរបស់គេ ហើយឆ្លងកាត់ចំនុណខ្លាំងមួយចំនួន ដើម្បីត្រៀមសម្រាប់ការប្រកួតដ៏សំខាន់នៅ»

ដោយឡែកលោក Fábio Joaquim Maciel da Silva គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត រំពឹងថា ការប្រកួតយប់នេះ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តមួយ ហើយលោកចង់ឃើញមានអ្នកគាំទ្រចូលរួមទស្សនាច្រើន ដើម្បីឲ្យកូនក្រុមរបស់ខ្លួនបានស៊ាំនឹងការប្រកួតអន្ដរជាតិដែលមានអ្នកទស្សនាច្រើនលើឆាកអន្ដរជាតិ ដ្បិតក្រុមដែលត្រូវជួបក្រុមគោព្រៃកម្ពុជាល្ងាចនេះ កីឡាករភាគច្រើន គឺកីឡាករដែលធ្លាប់យកឈ្នះកម្ពុជា ក្នុងពាន AFF U23 ហើយក៏ជាក្រុមទើបបញ្ចប់ការប្រកួតស៊ីហ្គេម កាលពីថ្មីៗ ផងដែរ។

សូមរំឮកថា បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្ដរជាតិខាងលើ ក្រុមគោព្រៃកម្ពុជា គ្រោងនឹងធ្វើដំណើរទៅប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ ដើម្បីចូលរួមប្រកួតវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី ដោយកម្ពុជា ស្ថិតក្នុងពូល D ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន ។ រីឯការប្រកួត គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី០៨-១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ៕