(កូរ៉េ)៖ ក្រុមចម្រៀងបុរសល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង គឺ BTS បានគូសបញ្ជាក់ពីតម្រូវការ នៃការចេះគោរពគ្នាទៅវិញទៅមក នៅអំឡុងពេលពួកគេទៅទស្សនកិច្ចជាលើកដំបូងនៅសេតវិមាន នៅថ្ងៃអង្គារន៍សប្តាហ៍នេះ ដែលជាឱកាសដ៏កម្របានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yonhap នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២។

ក្រុមនេះក៏បានចូលរួមជាមួយលេខាធិការសារព័ត៌មាននៅសេតវិមាន លោកស្រី Karine Jean-Pierre ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ មុនពេលជួបជាមួយប្រធានាធិបតីអាមេរិក។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ប្រធានក្រុម BTS គឺលោក RM បាននិយាយថា «ជាកិត្តិយសដ៏ធំធេង ដែលត្រូវបានអញ្ជើញមកកាន់សេតវិមាននៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមជនជាតិអាស៊ី»

បន្ទាប់ពីការនិយាយរបស់ RM បានបញ្ចប់ គេឃើញថា សមាជិកម្នាក់ក្នងក្រុមនេះ បានឡើងនិយាយម្តងៗ ក្នុងគោលបំណងផ្សព្វផ្សាយក្តីសង្ឃឹម និងភាពវិជ្ជមាន តាមរយៈសំឡេងរបស់ពួកគេទៅកាន់ពិភពលោក។

គួរជម្រាបថា បើតាមអ្នកនាំពាក្យសេតវិមានបាននិយាយថា ការសន្ទនារបស់ក្រុម BTS ជាមួយប្រធានាធិបតី ចូ បៃឌិន ទំនងជានឹងត្រូវបានធ្វើឡើងជាលក្ខណៈឯកជន៕