(បរទេស)៖ ព្រឹត្តិការណ៍ពាក់កណ្តាលឆ្នាំ WWDC 2022 នឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែល Apple គ្រោងបង្ហាញ iOS 16, iPadOS 16, watchOS 9 និង macOS ជំនាន់បន្ទាប់ជាច្រើនទៀត។ ខណៈដែលព្រត្តិការណ៍នោះត្រូវបានគេរំពឹងថា Apple ក៏នឹងប្រកាសចេញ AR/VR Headset ថែមទៀតផង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន iMore នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ដំណឹងនេះកើតឡើងបន្ទាប់ពីការរំពឹងទុកដ៏ច្រើនដែលថា Apple អាចនឹងបញ្ចេញឧបករណ៍ថ្មីបន្ថែមទៀតរួមមាន កាស MR Headset ឬប្រព័ន្ធប្រតិបត្តិការ RealityOS ថ្មីដែលគេរំពឹងថានឹងប្រើប្រាស់ជាមួយឧបករណ៍ AR/VR Headset នៅក្នុងព្រឹត្តិការណ៍ WWDC នៅសប្តាហ៍ក្រោយនេះ។

តែយ៉ាងណាមិញប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានបង្ហាញឱ្យដឹងថា «វានៅតែត្រូវចំណាយពេលខ្លះ មុនពេលកាស Apple AR/MR ចូលផលិតកម្មដ៏ធំនេះ ដូច្នេះខ្ញុំគិតថា Apple នឹងមិនបញ្ចេញកាស AR/MR រួមទាំងពាក្យចចាមអារាមអំពីប្រព័ន្ធប្រតិបត្តិការ Reality OS នៅ WWDC នៅឆ្នាំនេះទេ»។ ក៏ដោយសារដៃគូរប្រកួតប្រជែងរបស់ Apple នៅទូទាំងពិភពលោកកំពុងតែរង់ចាំមើល Hardware spec និងការឌីហ្សាញ OS សម្រាប់កាស AR/MR របស់ Apple។

ខណៈលោក Kou បានបន្ថែមទៀតថា ប្រសិនបើ Apple បញ្ចេញកាស AR/VR ថ្មីនៅ WWDC 2022 នោះ ដៃគូប្រកួតប្រជែងរបស់ខ្លួន «នឹងចាប់ផ្តើមគម្រោង Copy Cat ភ្លាមៗ ហើយថែមទាំងចម្លងនៅគំនិតល្អៗរបស់ Apple» ថែមទាំងអាចយកឈ្នះ Apple នៅមុនការចេញផ្សាយឆ្នាំ២០២៣ ក៏ថាបាន។

ដំណឹងនេះក៏បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងស្រដៀងគ្នាពីលោក Mark Gurman ដែលបានបង្ហាញថា ការបង្ហាញកាសរបស់ Apple នឹងមិនមកនៅឆ្នាំនេះនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ Gurman បញ្ជាក់ថា ព្រឹត្តិការណ៍នោះនឹងបង្ហាញ MacBook Air ថ្មីជាមួយស៊ីលីកុន Apple ថ្មីទាំងអស់នៅក្នុងសន្និសិទនោះរួមទាំងបន្ទះឈីប M2 ថែមទៀតផង៕