(អឺរ៉ុប)៖ ការប្រកូតវគ្គជម្រុះតំបន់អឺរ៉ុប ស្វែងរកកៅអី១ ដើម្បីឡើងទៅ FIFA World Cup 2022 នៅប្រយទេសកាតា ក្រុមជម្រើសជាតិអ៊ុយក្រែន បានយកឈ្នះក្រុមជម្រើសជាតិស្កុតឡែន ៣-១ ក្នុងទីក្រុង Glasgow ដែលធ្វើឲ្យក្រុមអ៊ុយក្រែន ត្រូវប៉ះជាមួយក្រុមវេលស៍ និងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនានេះ សម្រាប់ប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជុំចុងក្រោយ។

ក្រុមអ៊ុយក្រែន រកបាន ៣គ្រាប់ពីការស៊ុតរបស់កីឡាករ Andriy Yarmolenko, Romen Yaremchuk និង Artem Dovdyk ដែលធ្វើឲ្យក្រុមរបស់ពួកគេមានឱកាសឡើងទៅប៉ះក្រុមវេលស៍ ក្នុងប្រកួតជម្រុះជុំចុងក្រោយជាប្រវត្តិសាស្រ្ត អំឡុងពេលប្រទេសរបស់ពួកគេកំពុងជួបបញ្ហាសង្រ្គាម ជាមួយប្រទេសរុស្ស៊ី។

បញ្ជាក់ផងថា សម្រាប់តំបន់អឺរ៉ុប សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានកំណត់យក ១៣កៅអីមានឱកាសឡើងទៅប្រជែងពានរង្វាន់ World Cup ខណៈដែលរវាងក្រុមវេលស៍ និងអ៊ុយក្រែន នឹងត្រូវមានក្រុមមួយចុងក្រោយគេដែលបានឡើងទៅបំពេញកៅអីនោះ ដែលការប្រកួត FIFA World Cup 2022 គ្រោងរៀបចំប្រកួតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ហើយនេះជាលើកទី៥ របស់ក្រុមអ៊ុយក្រែន ដែលបានឈានដល់វគ្គនេះ បន្ទាប់ពី ៤លើកមុនបានត្រឹមខកចិត្តកាលពីឆ្នាំ ១៩៩៧, ២០០១, ២០០៩និង ២០១៣ សម្រាប់ការប្រជែងវគ្គជម្រុះជុំចុងក្រោយតំបន់អឺរ៉ុបនេះ។