(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយទីភ្នាក់ងារជំនួយអាមេរិក (USAID) និងកម្មវិធី Development Engineering នៃសាកលវិទ្យាល័យ California Berkeley (UC Berkely)នឹងរៀបចំព្រឹត្តិការណ៍សន្និសីទ «អ្នកអភិវឌ្ឍន៍កម្មវិធីនិងពិព័រណ៍បច្ចេកវិទ្យា CODE-C» គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីរសៀល នៅមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល នៃ បណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា។

CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា ដែលប្រមូលផ្តុំអ្នក សរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេក វិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងទេពកោសល្យឌីជីថល ក្នុងគោលបំណង ដើម្បីជំរុញភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍ផលិតផលឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចនិងសង្គម ឌីជីថលនៅកម្ពុជា។

កម្មវិធីនេះក៏មានការចូលរួមពីគ្មិនជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល និងក្រុមហ៊ុនឈានមុខ ក្នុងឧស្សាហកម្មឌីជីថល ដើម្បីធ្វើការពិភាក្សាស្ថានភាពបច្ចុប្បន្ន និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ និងបញ្ហាប្រឈម ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធី និងផលិតផលឌីជីថល។

ក្នុងកម្មវិធីនេះនឹងមានការតាំងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលប្រមូលផ្តុំនូវផលិតផល និងសេវាកម្មឌីជីថលថ្មីៗ ដែលមានភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ពីក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និង ធុរកិច្ចថ្មីឌីជីថល ដើម្បី បង្ហាញពី ការអភិវឌ្ឍន៍ នៃប្រព័ន្ធអេកូឡូស៊ីឌីជីថល នៅកម្ពុជា។

CODE-C ទទួលបានការបត្ថម្ភធំដោយក្រុមហ៊ុន CellCard សហឧបត្ថម្ភដោយក្រុមហ៊ុន Binance និងចូលរួមចំណែកឧបត្ថម្ភដោយ UDAYA, EuroCham Cambodia, META, AWS ព្រមទាំងដៃគូជា សាកលវិទ្យាល័យ រួមមាន RUPP, ITC, NUM, AUPP, PARAGON, Techo Startup Center, Khmer Coder, NICC, TUX, Cambodia Digital Tech Association ជាដើម៕