(បរទេស)៖ នាយកគ្រប់គ្រងទូទៅ (COO) របស់ក្រុមហ៊ុន Meta Platforms Inc គឺលោកស្រី Sheryl Sandberg បានប្រកាសចាកចេញពីតំណែង បន្ទាប់ពីបានបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook អស់រយៈពេល ១៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២។

លោកស្រី Sheryl Sandberg ត្រូវបានគេដឹងថា ជាមនុស្សជំនិតបំផុតរបស់លោក Mark Zuckerberg ដែលជា ស្ថាបនិក និងជានាយកប្រតិបត្តិ។ ក្រៅពីជាមនុស្សជំនិតរបស់លោក Mark Zuckerberg ហើយនោះ លោកស្រី Sheryl Sandberg ក៏ជាមនុស្សម្នាក់ដែលបានជួយជ្រោមជ្រែង Facebook ឱ្យក្លាយជា បណ្ដាញសង្គម យក្សដូចបច្ចុប្បន្ន។

«នៅពេលដែលខ្ញុំបានកាន់តំណែងមួយនេះ (COO) កាលពីឆ្នាំ ២០០៨ ខ្ញុំសង្ឃឹមថា ខ្ញុំអាច ធ្វើវាបាន ក្នុង រយៈពេល ៥ឆ្នាំប៉ុណ្ណោះ។ ១៤ឆ្នាំបានកន្លងផុតទៅ ហើយសម្រាប់ពេលនេះ វាជាពេលាវេលាមួយសម្រាប់ ខ្ញុំ ដើម្បីធ្វើកិច្ចការងារផ្ទាល់ខ្លួនសម្រាប់ជីវិតខ្លួនឯងវិញម្ដង។» នេះជាសារដែលលោកស្រីបានបង្ហោះនៅលើ អនឡាញ។

លោក Mark Zuckerberg បានបង្ហោះសារមួយថា លោកមិនមានបំណងផ្លាស់ប្ដូរអ្នកកាន់កាប់ តំណែង មួយ នេះឡើយ ហើយនៅពេលនេះដែរ អ្នកដែលត្រូវមកជំនួសតំណែងតរបស់លោកស្រី Sheryl Sandberg គឺជា លោក Javier Olivan ដែលជាប្រធានផ្នែក Chief Growth Officer។

លោក Javier Olivan ក៏ជាបុគ្គលិកចាស់វស្សាមួយរូបដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook អស់រយៈពេល ១៤មកហើយ ហើយលោកក៏កាន់ការងារធំៗជាច្រើនផងដែរនៅក្នុង Facebook, Instagram, WhatsApp និង Messenger៕