(ភ្នំពេញ)៖ គណនី Instagram របស់អតីតសមាជិកក្រុម Big Bang គឺ Seungri ត្រូវបានលុបចេញពីវេទិកាមួយនេះ នៅថ្ងៃច័ន្ទសប្តាហ៍នេះ ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលរបស់កូរ៉េខាងត្បូងបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់តារាចម្រៀងវ័យ ៣២ឆ្នាំរូបនេះ ដែលសុំបន្ធូរបន្ថយទោស ពាក់ព័ន្ធបទល្មើសក្នុងក្លឹបកំសាន្ត Burning Sun។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times។

តុលាការកំពូលរបស់កូរ៉េខាងត្បូងបានបើកសវនាការនាពេលថ្មីៗកន្លងទៅនេះ និងបានច្រានចោលទាំងបណ្តឹងឧទ្ធរណ៍របស់ Seungri ដែលសុំបន្ធូរបន្ថយទោស ខណៈតារារូបនេះ ត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារយៈពេល១៨ខែទៀត ជុំវិញបទល្មើសខុសច្បាប់ជាច្រើនរួមមានដូចជា ករណីពេស្យាចារ និងការលេងល្បែងស៊ីសង ដែលជាបទល្មើស២ក្នុងចំណោមបទចោទប្រកាន់សរុបចំនួន ៩ទៀត។ យ៉ាងណាមិញ សម្រាប់បទល្មើសរបស់ Seungri នៅក្លឹប Burning Sun គឺពាក់ព័ន្ធនឹងការរួមភេទ គ្រឿងញៀន និងបទល្មើសមួយចំនួនទៀត ដែលវាត្រូវបានគេរកឃើញក្នុងឆ្នាំ ២០១៩។

យោងតាមមជ្ឈមណ្ឌលផ្តល់ជំនួយរបស់ Instagram (Help Center) ជនល្មើសផ្លូវភេទ ដែលត្រូវបានកាត់ទោសមិនត្រូវបានអនុញ្ញាតឲ្យមានវត្តមាន ឬប្រើប្រាស់ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះទេ។ ដូច្នេះបានន័យថា គណនីរបស់ Seungri ឈ្មោះ @seungriseyo ដែលមានអ្នកតាមដាន ៨លាននាក់នោះ លែងមាននៅលើ Instagram តទៅទៀតហើយ។

គួរជម្រាបថា Seungri មិនមែនជាតារាកូរ៉េទី១ទេ ដែលត្រូវបានក្រុមហ៊ុន Instagram ដកសិទ្ធប្រើប្រាស់បែបនេះ កន្លងទៅមានតារាកូរ៉េខាងត្បូងផ្សេងទៀតដូចជាតារាសម្តែង Ko Young-wook, តារាចម្រៀង Jung Joon-young និងអតីតសមាជិកក្រុម FT Island , លោក Choi Jong-hoon ក៏សុទ្ធតែត្រូវបានដកចេញពី Instagram ក្រោម ហេតុផលស្រដៀងគ្នានេះដែរ៕