(ភ្នំពេញ)៖ តារាចម្រៀង និងមានគោរមងារជា «ឧកញ៉ា» លោក ខេមរៈ សិរីមន្ត និងតារាចម្រៀង លោក ខាន់ ជេមស៍ បានបន្តលើកទឹកចិត្តដល់បេក្ខជនមួយរូប គឺលោក ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលបានប្រកួតធ្លាក់នៅក្នុងកម្មវិធី Cambodian idol រដូវកាលទី៤ ក្នុងស្ថានីយទូរទស្សន៍ហង្សមាស កាលពីពេលថ្មីៗនេះ ដោយតារាចម្រៀង ខេមរៈ សិរីមន្ត បានប្រកាសឧបត្ថម្ភថវិកាប្រមាណ ១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។ ចំណែកឯតារាចម្រៀង ខាន់ ជេមស៍ ក៏បានប្រកាសផលិតបទចម្រៀង Originol Song ចំនួន ១បទ ដើម្បីឲ្យបេក្ខជនខាងលើថតជា MV ក្នុងន័យលើកទឹកចិត្តដល់បេក្ខជនខាងលើផងដែរ។

នៅប៉ុន្មានម៉ោងមុនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានប្រកាសក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «កុំបាក់ទឹកចិត្តអីប្អូន ស៊ូៗ បងសូមលើកទឹកចិត្តប្អូននូវថវិកា ១០០០ដុល្លារ! មានសមត្ថភាពពិតតស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ ជួយប្រាប់ផង..!»

ដោយឡែកសម្រាប់តារាចម្រៀង ខាន់ ជេមស៍ វិញ ក៏បានប្រកាសដែរថា «មិនអីទេប្អូនប្រុស កុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់ តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទឹកចិត្តប្អូន បងនឹងផលិតបទចម្រៀង Original Song ជូនប្អូនមួយបទ និងចេញ MV ជូនប្អូន សូមទំនាក់ទំនងមកបង នេះជាលេខ Telegram 010222168 បង..»

បន្ទាប់ពីបានប្រកួតយ៉ាងស្វិតស្វាញ ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian idol រដូវកាលទី៤ វគ្គ Judge Audition តាមរយៈការបកស្រាយបទ «ស្រឡាញ់ស្ទើរលេប» រួចមក សម្រាប់បេក្ខជន ទុំ សុវត្ថិ គឺមិនបានទទួលលទ្ធផលល្អនោះទេ ពោលគឺបានសំឡេង «Yes» តែ២ប៉ុណ្ណោះ ពីគណៈកម្មកា ខណៈគណៈកម្មការពីររូបទៀត គឺលោក ឆន សុវណ្ណារាជ និងអ្នកនាង ឱក សុគន្ធកញ្ញា ឆ្លើយថា «No»។ យ៉ាងណាមិញ ក្រោយពីធ្លាក់នៅក្នុងវគ្គនេះ បានធ្វើឲ្យបេក្ខជន ទុំ សុវត្ថិ មានអារម្មណ៍ក្ដុកក្ដួលយំយែក និងសោកស្ដាយយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់ខ្លួន ដែលមិនអាចធ្វើបាន។

យ៉ាងណាមិញ ក្រោយពីគណៈកម្មការទាំងពីររូបខាងលើ មិនបានផ្ដល់សំឡេង «Yes» ដើម្បីឲ្យបេក្ខជន ទុំ សុវត្ថិ បានបន្តទៅវគ្គក្រោយបន្ថែមទៀតនោះ បានធ្វើឲ្យមហាជន សម្ដែងការមិនពេញចិត្ត ខកចិត្ត និងបានធ្វើការរិះគន់យ៉ាងច្រើន ពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រោះពួកគេយល់ថា បេក្ខជន ទុំ សុវត្ថិ មានទឹកដមសំឡេងល្អ មានសមត្ថភាពអាចឡើងទៅវគ្គបន្តបាន មិនគួរណាគណៈកម្មកាឲ្យធ្លាក់ដូច្នេះឡើយ៕