(ភ្នំពេញ)៖ ការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិទីម័រខាងកើត បានចាប់ផ្ដើមការប្រកួតផ្លូវការហើយ នៅវេលាម៉ោង ៧៖០០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ដំណាលគ្នានឹងការប្រកួតមិត្តភាពអន្ដរជាតិនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ក៏បានបង្ហាញបញ្ជីឈ្មោះកីឡាករចុងក្រោយ ២៣នាក់ សម្រាប់ត្រៀមការប្រកួតមិត្តភាពនេះ ក៏ដូចជាត្រៀមការប្រកួតជម្រុះពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2023 នៅប្រទេសឥណ្ឌា នាសប្ដាហ៍ក្រោយផងដែរ ។

បេក្ខភាពកីឡាករ ២៣នាក់ចុងក្រោយ ដែលចម្រាញ់ចេញពីកីឡាករបឋម ២៨នាក់ ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជានេះ រួមមានកីឡាករវិសាខា ៩នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, បឹងកេត ៤នាក់, ភ្នំពេញក្រោន ៣នាក់, ណាហ្គាវើលដ៏ ១នាក់, ព្រៃវែង ១នាក់ និងម្នាក់ទៀត គឺកីឡាករ កុក បូរីស សមាជិកក្លិប Sarawak United នៃលីគកំពូលម៉ាឡេស៊ី ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមគោព្រៃកម្ពុជាខាងលើ គឺដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023 ចាប់ពីថ្ងៃទី០៨-១៤ ខែមិថុនាខាងមុខ នៅប្រទេសឥណ្ឌា ដែលកម្ពុជា ស្ថិតក្នុងពូល D ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន ៕