(អាមេរិក)៖ អតីតប្តីប្រពន្ធល្បីឈ្មោះក្នុងជួរហូលីវូដ គឺលោក Johnny Depp តួអង្គចោរសមុទ្រ និង Amber Heard តួសម្តែងក្នុងរឿង «Aquaman» ត្រូវបានគេដឹងថា បានតទល់ក្តីគ្នាឡើងតុលាការ អស់រយៈពេល៦សប្តាហ៍ហើយ ដើម្បីទាមទារយុត្តិធម៌រៀងៗខ្លួន ក្រោយពួកគេចែកផ្លូវគ្នា។ យ៉ាងណាមិញ សេចក្តីសម្រេចបានចេញមកហើយ គឺគណៈវិនិច្ឆ័យតុលាការ សម្រេចឲ្យ Johnny Depp ឈ្នះក្តី ជុំវិញរឿងបរិហារកេរ្តិ៍ ដែលលោកបានប្តឹងប្រឆាំងនឹងអតីតភរិយា Amber Heard ហើយគណៈវិនិច្ឆ័យបានសម្រេចឲ្យ Johnny Depp ទទួលបាននូវទឹកប្រាក់សំណងចំនួន ១៥លានដុល្លារថែមទៀតផង។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន NBC នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា Depp ទទួលបាន ១០លានដុល្លារ សម្រាប់សំណងជំងឺចិត្ត និង៥លានដុល្លារ សម្រាប់សំណងការខូចខាត នៅក្នុងបណ្តឹងបរិហារកេរ្តិ៍របស់លោក។ ទន្ទឹមគ្នានេះ គណៈវិនិច្ឆ័យក៏បានផ្តល់សំណងដល់ Heard ចំនួន ២លានដុល្លារផងដែរ ជាសំណងការខូចខាត។

បើគេនៅចាំមិនភ្លេច Depp បានប្តឹងអតីតភិរយារបស់ខ្លួន គឺ Heard ទាមទារទឹកប្រាក់ ៥០លានដុល្លារ បន្ទាប់ពីនាងបានសរសេរអត្ថបទ ដែលចុះផ្សាយលើកាសែត Washington Post ក្នុងឆ្នាំ២០១៨ ដែលបានហៅខ្លួនឯងថាជា «ជនសាធារណៈតំណាងឲ្យការរំលោភបំពានក្នុងគ្រួសារ»។ ចំណែកឯ Amber Heard ក៏បានប្ដឹងបកវិញដោយទាមទារសំណង ១០០លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការសម្រេចរបស់គណៈវិនិច្ឆ័យតុលាការ ដែលឲ្យ Johnny Depp ឈ្នះក្តី និងទទួលបានប្រាក់ ១៥លានដុល្លារនៅពេលនេះ ត្រូវបានប្រភពជិតស្និទ្ធនឹង Amber Heard បញ្ជាក់ប្រាប់អ្នកកាសែត NBC ថា នាងមានគម្រោងប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់ការសម្រេចនេះ។

គួរជម្រាបថា តារាហូលីវូដល្បី Johnny Depp និងអតីតភរិយា ត្រូវបានគេដឹងថា បានរួមរស់ជាមួយគ្នា តាំងពីថតរឿង The Rum Diary (ឆ្នាំ ២០១១) ហើយក្រោយមកអ្នកទាំងពីរបានរៀបការក្នុងឆ្នាំ ២០១៥ ដោយមានភាពផ្អែមល្ហែមជាខ្លាំង ក្រោយរៀបការថ្មីថ្មោង។ យ៉ាងណាមិញ សុភមង្គលហាក់មិននៅជាមួយ Johnny យូរឡើយ ដោយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ Amber បានដាក់ពាក្យសុំលែងលះស្វាមី ក្រោយហេតុផលរស់នៅមិនចុះសម្រុង ហើយ Johnny ជាមនុស្សប្រើអំពើហិង្សាលើភរិយា ធ្វើឲ្យនាងទ្រាំលែងបាន។ មិនតែប៉ុណ្ណោះ Amber បានចោទប្រកាន់ស្វាមីពីបទរំលោភបំពានទៀតផង។ ផ្ទុយទៅវិញ Johnny បានបដិសេធរឿងនេះ ថែមទាំងនិយាយថា លោកទៅវិញទេ ដែលជាជនរងគ្រោះ៕