(បរទេស)៖ នាយកគ្រប់គ្រង់ទូទៅ (COO) របស់ Meta គឺលោកស្រី Sheryl Sandberg បានប្រកាសលាលែងពីតំណែង បន្ទាប់ពីបានបម្រើការងារមួយនេះអស់រយៈពេល ១៤ឆ្នាំ ខណៈដែលលោកស្រីត្រូវបានគេដឹងថា ជាមនុស្ស ម្នាក់ ដែលបានចូលរួមចំណែក ធ្វើឱ្យ Facebook ក្លាយជាបណ្ដាញសង្គមយក្ស ហើយចំពោះឥទ្ធិពលរបស់ លោកស្រីនៅក្នុងក្រុមហ៊ុន Facebook វិញក៏ខ្លាំងណាស់ដែរ។

ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងលោកស្រី Sheryl Sandberg៖
លោកស្រី Sheryl Sandberg មានឈ្មោះពេញ Sheryl Kara Sandberg កើតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៩ ជាអ្នកជំនួញជនជាតិអាមេរិក និងជាមហាសេដ្ឋីមួយរួបផងដែរ ដោយគិតត្រឹមពេលនេះមានទ្រព្យសម្បត្តិប្រមាណ ១,៦ពាន់លានដុល្លារអាមេរិក (យោងតាមទស្សនាវដ្ដី Forbes)។

នៅឆ្នាំ ២០០៨ លោកស្រីត្រូវបាន Facebook ជ្រើសតាំងជា COO និងបានក្លាយជាបុគ្គលទី២ ដែលមាន តំណែងខ្ពស់ជាងបំផុតនៅក្នុង Facebook បន្ទាប់ពីលោក Mark Zuckerberg។ នៅពាក់កណ្ដាលឆ្នាំ ២០១២ លោកស្រីក៏ត្រូវបាន Facebook បោះឆ្នោត និងជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាភិបាល និងបានក្លាយ ជា ស្ត្រី ដំបូងគេដែលកាន់ការងារខ្ពស់នៅក្នុង Facebook។

យោងតាមប្រវត្តិរូបបានបញ្ជាក់ថា លោកស្រី Sheryl Sandberg បានកើតនៅក្នុងគ្រួសារជីហ្វី ដែលមានឪពុក ជាគ្រូពេទ្យភ្នែក និងម្ដាយជាគ្រូបង្រៀនភាសាបារាំងនៅមហាវិទ្យាល័យ។ ប្រវត្តិសិក្សារបស់លោកស្រីគឺល្អ ជាសិស្សពូកែ និងត្រូវបានគេជ្រើសតាំងធ្វើជាប្រធានថ្នាក់ និងជាសិស្សគំរូផងដែរ។ ក្រោយពីបញ្ចប់ការសិក្សានៅសកលវិទ្យា Harvard លោកស្រីត្រូវបានលោកសាស្រ្តាចារ្យ Lawrence Summers យកធ្វើជាជំនួយស្រាវជ្រាវនៅធនាគារពិភពលោក World Bank។

នៅឆ្នាំ ១៩៩៥ លោកស្រីចាប់ផ្ដើមចូលប្រឡូកនៅក្នុងការងារ ជាទីប្រឹក្សាផ្នែកគ្រប់គ្រងក្រុមហ៊ុន McKinsey & Company។ នៅឆ្នាំ ១៩៩៦ លោកសាស្រ្តាចារ្យ Lawrence Summers ក៏បានហៅលោកស្រីឱ្យទៅធ្វើជារដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក ក្នុងអណត្តិរបស់លោក Bill Clinton។ លោកស្រី បានជួយក្នុងការងាររបស់រតនាគារលើការលើកលែងបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍អំឡុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ី។

ក្រោយមកនៅក្នុងអំឡុងឆ្នាំ ២០០១ លោកស្រី Sheryl Sandberg បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនយក្ស អាមេរិក Google ដោយទទួលបន្ទុកផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញ។ ការងារផ្នែកនេះ បានពង្រីក មនុស្សពី០៤នាក់ រហូតដល់ ៤០០០នាក់ ក្រោយការដឹកនាំរបស់លោកស្រី ហើយ Google ក៏យកចំណូលបាន យ៉ាងច្រើនសន្ធឹកផងដែរ។

នៅឆ្នាំ ២០០៧ លោកស្រី Sheryl Sandberg និង Mark Zuckerberg បានជួបគ្នានៅក្នុងកម្មវិធីជួបជុំកម្សាន្ត Christmas ហើយអ្នកទាំងពីរក៏បានស្គាល់គ្នាចាប់ពីពេលនោះមក។ នៅក្នុងអំឡុងពេលនេះ លោក Mark Zuckerberg បានបញ្ជាក់ថា មិនមានបំណងស្វែងរកមនុស្សមកកាន់តំណែង COO ឡើយ ប៉ុន្តែក្រោយ ពីជូបលោកស្រី Sheryl Sandberg គឺគាត់គិតថា លោកស្រី Sheryl Sandberg ស័ក្តិសមឥតខ្ចោះសម្រាប់ តំណែងមួយនេះ ហើយនៅខែមីនា ឆ្នាំ២០០៨ Facebook ក៏បានប្រកាសតែងតាំងលោកស្រី Sheryl Sandberg កាន់តំណែង COO ជាផ្លូវការ ក្រោយពេលចាកចេញពី Google។

បន្ទាប់ពីចូលរួមជាមួយក្រុមហ៊ុន Facebook, លោកស្រីបានចាប់ផ្តើមព្យាយាមរកវិធីធ្វើឱ្យ Facebook ទទួលបានប្រាក់ចំណេញយ៉ាងឆាប់រហ័ស។ មុនពេលគាត់ចូលរួម Facebook បានផ្ដោត សំខាន់ជាចម្បងទៅលើ ការបង្កើតគេហទំព័រមួយឱ្យអស្ចារ្យ និងបានគិតថា ប្រាក់ចំណេញនឹងមកតាមក្រោយ ប៉ុន្តែការគិតបែបនោះវាផ្ទុយស្រឡះពីអ្នកស្រី Sheryl Sandberg។ លោកស្រី Sheryl Sandberg បានយកបទពិសោធន៍ ចំណេះ និងជំនញដែលខ្លួនមាន មកធ្វើឱ្យ Facebook រកបានប្រាក់ចំណូលខ្ពស់។ នៅឆ្នាំ ២០១០, Facebook ក៏ទទួលបានផលចំណេញ ព្រោះថាលោកស្រី បានមើលការខុសត្រូវលើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Facebook រួមមានការលក់ ទីផ្សារ ការអភិវឌ្ឍន៍អាជីវកម្ម ធនធានមនុស្ស គោលនយោបាយសាធារណៈ និងទំនាក់ទំនង៕