(ភ្នំពេញ)៖ លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកជារឿងថ្មីមួយ បន្ទាប់ពីកម្ពុជា បានវាយបកយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ២-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ។

ការគូសបញ្ជាក់បែបនេះ បន្ទាប់ពីក្រុមគោព្រៃកម្ពុជា បានផ្លាស់ប្ដូរយុទ្ធសាស្ដ្រលេងថ្មី ដោយផ្ដោតលើការការពារ និងវាយបក ផ្ទុយពីទម្រង់លេងដែលដឹកនាំដោយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងមក ដែលហាក់ផ្ដោតសំខាន់លើប្រព័ន្ធប្រយុទ្ធជាង។

ថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួត គ្រូបង្វឹកជនជាតិជប៉ុនខាងលើ បញ្ជាក់ថា «ក្នុងការប្រកួតនេះ យើងបានបំពេញកិច្ចការរបស់យើង តាមអ្វីដែលយើងចង់បាន បើទោះបីជាមានស្ថានភាពពិបាកខ្លះក៏ដោយ ពេលគេនាំមុខ ១-០ ប៉ុន្តែយើងនៅតែអាចរកគ្រាប់បាល់ ២គ្រាប់មកវិញ ដែលវាជារឿងថ្មីសម្រាប់កម្ពុជា»

«ដើម្បីរៀបចំសម្រាប់វគ្គជម្រុះពាន AFC ក៏ដូចជាព្រឹត្តិការណ៍ដទៃទៀត សម្រាប់ឆ្នាំនេះ នឹងឆ្នាំក្រោយ យើងត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្ត្រ ហើយទីម័រខាងកើត ក៏ជាគូប្រកួតដែលខ្លាំង និងអាចចែករំលែកពីរបៀបដែលយើងផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដោយពុំចាំបាច់ធ្វើការដាក់សម្ពាធ និងការគ្រប់គ្រងបាល់»។ Ryu Hirose បន្ថែម ។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា បានវាយបកយកឈ្នះទីម័រខាងកើត ២-១ បន្ទាប់ពីត្រូវសមាជិកថ្មីអង្គរថាយហ្គឺរ កីឡាករ Mouzinho Barreto de Lima រកបាន ១គ្រាប់មុនឲ្យទីម័រ នៅនាទី២២ ។ ចំពោះគ្រាប់តាមស្មើ និងគ្រាប់ជ័យជម្នះរបស់កម្ពុជា ធ្វើសម្រេចដោយកីឡាករ កែវ សុខផេង នៅនាទី៣៩ និងកីឡាករ ជួន ចាន់ចាវ នៅនាទី៨៤។

បន្ទាប់ពីចប់ការប្រកួតមិត្តភាពខាងលើ ក្រុមគោព្រៃកម្ពុជា នឹងត្រូវបំពេញបេសកកម្មដ៏សំខាន់របស់ខ្លួន នោះគឺការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 វគ្គជម្រុះជុំទី៣ ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៨-១៤ ខែមិថុនាខាងមុខ នៅប្រទេសឥណ្ឌា ដោយកម្ពុជា ស្ថិតនៅពូល D ជាមួយម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន៕