(អាមេរិក)៖ អតីតនាយកប្រតិបត្តិ Walt Disney Studios បានបង្ហាញពីគំនិតរបស់ខ្លួនថា កំពូលតារាហូលីវូដ Johnny Depp នៅថ្ងៃណាមួយអាចត្រឡប់ទៅរកតួអង្គសំខាន់ ក្នុងរឿង « Pirates of the Caribbean» ឡើងវិញ បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការកាត់ក្តី ជុំវិញបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងអតីតភរិយា Amber Heard នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

លោក Depp អាយុ ៥៨ឆ្នាំ បានឈ្នះក្តីជុំវិញបណ្តឹងបរិហារកេរ្តិ៍ ប្រឆាំងនឹងអតីតភរិយា Heard អាយុ៣៦ឆ្នាំ កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីតទល់គ្នានៅមុខតុលាការ អស់រយៈពេលប្រាំមួយសប្តាហ៍ និងបានក្លាយជារឿងដ៏ចម្រូងចម្រាស់នៅរដ្ឋ Virginia ដែលធ្វើឲ្យជីវិតឯកជនរបស់ពួកគេ ក្លាយជារឿងដ៏ក្តៅគគុកមួយក្នុងក្រសែភ្នែកសាធារណជន។

ខណៈដែលមនុស្សជាច្រើន ក្នុងវិស័យហូលីវូដមានទស្សនៈផ្ទុយគ្នា អំពីថាតើអាជីពរបស់កំពូលតារាហូលីវូដ Johnny Depp នោះ, អតីតនាយកប្រតិបត្តិរបស់ Disney គិតថា Depp អាចត្រូវបានស្នើសុំឲ្យត្រឡប់ទៅសម្តែងរឿង «Pirates franchise» វិញក្នុងពេលឆាប់ៗនេះ។ អតីតនាយកប្រតិបត្តិ Disney បានប្រាប់គេហទំព័រ PEOPLE ថា «ខ្ញុំពិតជាជឿជាក់ ក្រោយការកាត់ក្តីរួចរាល់ រឿង Pirates ត្រូវបានបង្កើតឡើង សម្រាប់ការចាប់ផ្តើមឡើងវិញជាមួយ Johnny ពោលគឺតួអង្គ Jack ត្រឡប់មកវិញ»។

គួររំឭកថាតារាសម្ដែង Johnny Depp បានសម្រេចចិត្តចូលខ្លួន ធ្វើការជាមួយខ្សែភាពយន្តរបស់ Disney មួយនេះលើកដំបូងក្នុងឆ្នាំ ២០០៣ ដែលបានប្រែក្លាយរូបលោក ទៅជាតារាសម្ដែងមួយរូបដ៏ល្បី ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាតួអង្គចោរសមុទ្រ Jack Sparrow។ Depp ត្រូវបានគេដឹងថា ទទួលបានពានរង្វាន់អូស្ការ សម្រាប់ការដើរតួជា Jack Sparrow នៅក្នុងខ្សែភាពយន្តដើមឆ្នាំ ២០០៣ ផងដែរ៕