(វ៉ាលែនសៀ)៖ ក្លិបបាល់ទាត់ Valencia បានឈានដល់ការចែកផ្លូវគ្នាហើយជាមួយគ្រូបង្វឹក Jose Bordalas នេះបើតាមការអះអាងពីក្លិបអេស្ប៉ាញ នាថ្ងៃសុក្រ ដោយប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថា លោក Gennaro Gattuso ទំនងជាឡើងបន្តតំណែងនេះវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

Valencia បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ នៅលីគ La Liga នារដូវកាលនេះ ខណៈបរាជ័យក្នុងការប្រកួតជម្រុះអឺរ៉ុបសម្រាប់រដូវកាលទី៣ ជាប់ៗគ្នា។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានចេញផ្សាយថា បុរសសញ្ជាតិអ៊ីតាលី Gattuso ត្រូវបានគេណាត់ឲ្យជួបជាមួយម្ចាស់ក្លិប លោក Peter Lim ដើម្បីពិភាក្សាអំពីការវិលត្រឡប់របស់លោកទៅកាន់ការងារជាអ្នកគ្រប់គ្រងវិញ។

លោក Gattuso ដែលធ្លាប់ជាកីឡាករខ្សែបម្រើលេងឲ្យក្លិប AC Milan និងក្រុមជម្រើសជាតិអ៊ីតាលីនោះ មានការងារជាអ្នកគ្រប់គ្រងចុងក្រោយរបស់លោក គឺនៅក្លិប Napoli ដែលលេងនៅលីគ Serie A ហើយបានចាកចេញពីក្លិបមួយនេះកាលពីឆ្នាំមុន។ លោកបានដឹកនាំក្លិបទៅដណ្តើមបានពានរង្វាន់ Coppa Italia ប៉ុន្តែបានខកខានលេងពាន Champions League ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះកាលពីឆ្នាំមុន៕