(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងបានផ្តល់ការគាំទ្រជំរុញ ឲ្យធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Asian Cup ឆ្នាំ២០២៣ នេះបើតាមការអះអាងពីការិយាល័យប្រធានាធិបតី ប៉ុន្មានសប្តាហ៍បន្ទាប់ពីចិនបានសម្រេចបោះបង់ចោលសិទ្ធិរបស់ខ្លួន ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតមួយនេះ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នេះបានឲ្យដឹងថា ប្រធានាធិបតី Yoon Suk-yeol បានណែនាំដល់រដ្ឋមន្ត្រីកីឡារបស់លោកឲ្យព្យាយាមក្នុងការចាប់យកព្រឹត្តិការណ៍មួយនេះ បន្ទាប់ពីមានជំនួបទទួលទានអាហារពេលល្ងាចមួយ កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងកីឡាករ និងមន្ត្រី មុនពេលដែលមានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពរវាងកូរ៉េខាងត្បូង និងប្រេស៊ីល។

ចិន កាលពីពាក់កណ្តាលខែឧសភាបានសម្រេចដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ 2023 Asian Cup ដោយសារស្ថានភាពរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន។

កាលពីថ្ងៃអង្គារ សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានអញ្ជើញឲ្យមានការចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត 2023 Asian Cup និងបានកំណត់យកថ្ងៃទី៣០ ខែមិថុនា ដើម្បីបញ្ជូនការដាក់ស្នើការចាប់អារម្មណ៍ (EoI)។

សូមជម្រាបថា កូរ៉េខាងត្បូងមិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup ចាប់តាំងពីខ្លួនបានធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៦០ ជាលើកដំបូង។ កូរ៉េខាងត្បូងបានឈ្នះពានរង្វាន់នៅក្នុងវគ្គផ្តាច់ព្រ័ត្រនោះ៕