(ឡុងដ៍)៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង កីឡាករ Alexandre Lacazette នឹងចាកចេញពីក្លិបកាំភ្លើងធំ Arsenal នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់ នៅក្នុងខែនេះ។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅ Premier League បានឲ្យដឹងនៅថ្ងៃសុក្រ នាំឲ្យមានការបិទវាំងនន ជាមួយនឹងការលេងរយៈពេល ៥ឆ្នាំរបស់លោក ជាមួយនឹងក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុង London នេះ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នេះបានឲ្យដឹងថា Lacazette បានចុះកិច្ចសន្យាក្នុងឆ្នាំ២០១៧ ជាមួយក្លិប Arsenal ក្នុងតម្លៃផ្ទេរប្រមាណ ៤៦.៥លានផោន (៥៨.៤១លានដុល្លារ) ពីក្លិបបារាំង Olympique Lyonnais។

Lacazette ធ្លាប់ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់ក្លិបក្នុងរយៈពេល ២រដូវកាល។ ប៉ុន្តែកីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបាត់បង់តំណែងរបស់លោកនៅក្នុងការចាប់ផ្តើមនារដូវកាលនេះ បន្ទាប់ពីស៊ុតបាល់បញ្ចូលទីបានតែ ៦គ្រាប់នៅក្នុងការប្រកួតទាំងអស់។

កីឡាករ Lacazette បានស៊ុតបញ្ចូលទី ៧១គ្រាប់ និងបញ្ជូនបាល់បាន ៣៦គ្រាប់សម្រាប់ Arsenal ក្នុងការប្រកួតទាំងអស់៕