(អាឡឺម៉ង់)៖ តុលាការកំពូលរបស់ប្រទេសអាឡឺម៉ង់បានសម្រេចនៅពេលថ្មីៗនេះថា YouTube និង Platform អនឡាញផ្សេងៗទៀតរបស់ Google អាចនឹងត្រូវប្តឹងចំពោះការបង្ហោះខុសច្បាប់ដែលរំលោភលើការរក្សាសិទ្ធិ បើទោះបីជាខ្លឹមសារនេះត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

តុលាការយុត្តិធម៌សហព័ន្ធរបស់អាឡឺម៉ង់បានលើកឡើងនៅក្នុងសេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍ថា Platform ទាំងនេះនឹងនឹងត្រូវទទួលខុសត្រូវមុខច្បាប់ ប្រសិនបើពួកគេមិនព្រមធ្វើសកម្មភាពភ្លាមៗក្នុងការទប់ស្កាត់ការបង្ហោះដែលគេចាត់ទុកថាខុសច្បាប់ទេនោះ។

យ៉ាងណាមិញរឿងរ៉ាវនេះពាក់ព័ន្ធនឹងការប្តឹងដោយផលិតករតន្រ្តីម្នាក់ដែលមានឈ្មោះថាលោក Frank Peterson ដែលជាផលិតកររបស់តារាចម្រៀងអង់គ្លេសអ្នកនាង Sarah Brightman បន្ទាប់ពីការថតវីដេអូ និងសំឡេងរបស់សិល្បកររូបនេះត្រូវបានអ្នកគាំទ្រយកទៅបង្ហោះនៅលើបណ្តាញសង្គម YouTube។ ជាក់ស្តែងរឿងនេះបានកើតឡើងតាំងពីឆ្នាំ ២០០៨មកម្លេះ ខណៈដែលមេធាវីរបស់ផលិតររូបនេះក៏បានផ្ញើលិខិតសុំឱ្យ YouTube លុបវាចេញពីបណ្តាញសង្គមផងដែរ។

តែទោះជាយ៉ាងណាស្ថិតក្នុងករណី ដូចមិនទាន់មានការសម្រេចចុងក្រោយណាមួយត្រូវបានឡើងថាតើ «YouTube ទទួលខុសត្រូវឬទេ?» ដែលមានន័យថាសំណុំរឿងទាំងនោះនឹងត្រលប់ទៅតុលាការជាន់ទាបវិញសម្រាប់ការពិនិត្យឡើងវិញដោយផ្អែកលើគោលការណ៍ណែនាំថ្មីប៉ុណ្ណោះ៕