(បរទេស)៖ យោងតាមទិន្នន័យរបស់ DSCC បានបង្ហាញឱ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២២នេះ គឺជាត្រីមាសដ៏ល្អបំផុតទីបីដែលមិនធ្លាប់មានសម្រាប់ស្មាតហ្វូនដែលអាចបត់បាន បើទោះបីជាវាមិនឈានដល់កម្រិតខ្ពស់បំផុតនៃត្រីមាសទី១ ឆ្នាំ២០២១ ក៏ដោយប៉ុន្តែវាលក់បានសរុបដល់ ២.២២លានគ្រឿងឯណោះ។ ពោលគឺកើនឡើង ៥៧១ភាគរយបើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២។

ប្រភេទស្មាតហ្វូនបត់នៅតែបន្តគ្រប់គ្រងទីផ្សារ ដោយក្នុងនោះមួយផ្នែកធំនៃកំណើនដ៏ច្រើនបែបនេះបានមកពីម៉ូដែល Galaxy Z Flip3 របស់ក្រុមហ៊ុន Samsung ដែលបានចាប់យកចំណែកទីផ្សារស្ទើរតែពាក់កណ្តាលដោយមានចំនួន ៥១ភាគរយនៃលទ្ធផលសរុបសម្រាប់ស្មាតហ្វូនដែលអាចបត់បានទាំងអស់។ តែយ៉ាងណាមិញម៉ូដែល Galaxy Z Fold3 ក៏ជាស្មាតហ្វូនដែលអាចបត់បានដ៏ពេញនិយមបំផុតទីពីរនៅក្នុងត្រីមាសទី១ ដែរ។

ជាក់ស្តែង Samsung នៅតែជាក្រុមហ៊ុននាំមុខគេលើទីផ្សារដ៏មានឥទ្ធិពលដែលបានគ្រប់គ្រង ៧៤ភាគរយនៃចំណែកទីផ្សារបើធៀបនឹងក្រុមហ៊ុន Huawei។ ខណៈដែលចំណែកទីផ្សាររបស់ក្រុមហ៊ុន Huawei មានត្រឹមតែ ២០ភាគរយប៉ុណ្ណោះនៃការដាក់លក់ក្នុងរយៈពេល ៣ខែកន្លងទៅ ដោយស្ទើរតែទាំងអស់នៃកំណើននេះគឺបានមកពីម៉ូដែល Huawei P50 Pocket ។

តែយ៉ាងណាបើផ្អែកលើការវិភាគទីផ្សារស្មាតហ្វូនទាំងមូល គេរំពឹងថាការដាក់ឧបករណ៍ដែលអាចបត់បាននៅចុងឆ្នាំនេះនឹងកើនឡើងនៃការលក់ទ្វេដងដល់ ១៦លានគ្រឿងឯណោះ៕