(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សារណៈនៃការយោគយល់ជាផ្លូវការ ជាមួយក្រុមហ៊ុន Jumbo Seafood នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

ការចុះហត្ថលេខា ត្រូវបានធ្វើឡើងរវាងលោក Ang Kiem Meng អគ្គនាយក និងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Jumbo Seafood និង លោក Arnaud Dufresne អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង រីថែល។

Jumbo seafood គឺជាភោជនីយដ្ឋានគ្រឿងសមុទ្រ ដែលល្បីឈ្មោះបំផុតនៅប្រទេសសិង្ហបុរី និង នៅអាស៉ី នឹងបើកដំណើរការភោជនីយដ្ឋានដំបូងរបស់ខ្លួននៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល។ Jumbo Seafood គឺជាភោជនីយដ្ឋានដែលទទួលការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា ក៏ដូចជាអ្នកចូលចិត្តទទួលទានគ្រឿងសមុទ្រនៅទូទាំងពិភពលោក។ Jumbo Seafood ទទួលបានពានរង្វាន់ជាច្រើនឆ្នាំជាប់ៗគ្នា ក្នុងការចម្អិនគ្រឿងសមុទ្រល្អឥតខ្ចោះ។

លោក Arnaud Dufresne បានថ្លែងថា «វត្តមានរបស់ភោជនីយដ្ឋានដ៏ល្បីនេះនៅក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល គឺជាសក្ខីភាពជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជនក្នុងការជឿជាក់និងជ្រើសរើស ក្រុមហ៊ុន ជីប ម៉ុង រីថែល»។

គួរបញ្ជាក់ថា ចក្ខុវិស័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺពង្រីក និងពង្រឹង ក្រុមហ៊ុន ជីប ម៉ុង រីថែល ឲ្យក្លាយជាអាជីវកម្មលក់រាយលេខ១ នៅកម្ពុជា។ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសាងសង់ផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉លប្រកបដោយគុណភាព ដើម្បីបម្រើសេវាកម្មជូនអតិថិជននាចុងឆ្នាំនេះ។

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល ដែលមានទុនវិនិយោគដល់ទៅជាង ១៥០លានដុល្លារសហរដ្ឋអាមេរិក ជាផ្សារដ៏ធំមួយនៅកម្ពុជា នឹងផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់បទពិសោធន៍បែបថ្មី និងល្អឥតខ្ចោះជូនអតិថិជន ជាមួយនឹងរចនាបទស្ថាបត្យកម្មដ៏ស្រស់ស្អាត ទេសភាពដ៏ស្រស់បំព្រង និងបទពិសោធន៍ទិញទំនិញយ៉ាងសម្បូរបែប ជាមួយម៉ាកយីហោល្បីៗខ្នាតជាតិ និងអន្តរជាតិជាច្រើន។

បើតាមលោក Ang Kiem Meng ក៏បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំ ជឿជាក់យ៉ាងមុតមាំ ទៅលើក្រុមហ៊ុន ជីបម៉ុង រីថែល ចំពោះចក្ខុវិស័យ យុទ្ធសាស្រ្តទីផ្សារ ការគ្រប់គ្រង និង ការយល់ច្បាស់នៃតម្រូវការអតិថិជន។ ខ្ញុំប្រាកដ និងមានទស្សនៈវិជ្ជមានយ៉ាងខ្លាំង ក្នុងការជ្រើសរើស ក្រុមហ៊ុន ជីបម៉ុង រីថែល ជាដៃគូពាណិជ្ជកម្ម នឹងធ្វើឲ្យ Jumbo seafood ជោគជ័យនៅប្រទេសកម្ពុជា»។

គួរបញ្ជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់នេះ មានការចូលរួមពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីបម៉ុង រីថែល ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Jumbo Seafood និងអ្នកតំណាងពីស្ថានទូតសិង្ហបុរីផងដែរ។

តាមរយៈការចុះអនុស្សារណៈយោគយល់នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល និង ភោជនីយដ្ឋាន Jumbo Seafood សង្ឃឹមយ៉ាងមុតមាំ នឹងទទួលបានការស្វាគមន៍ពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។ ភាគីទាំងពីរ ប្តេជ្ញា និងព្យាយាមអស់ពីលទ្ធភាពដើម្បីផ្តល់ជូននូវការបម្រើជូននូវអាហារដ៏ឆ្ងាញ់ៗ និង សេវាកម្មដ៏ល្អជាទីបំផុត៕