(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា ជូននិស្សិតដែលបានបញ្ចប់ការសិក្សានៅឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ក្រោមអធិបតីភាពលោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនឹងប្រធានអគ្គនាយកប្រតិបត្តិនៃ AUPP Co. Ltd Group លោក លឹម តារារិទ្ធ។

ការប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានេះ គឺជាការប្រារព្ធពិធីជាលើកដំបូងបង្អស់របស់សាកលវិទ្យាល័យ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ អស់រយៈពេល ២ឆ្នាំកន្លងមកនេះ។ ក្នុងកម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង ៥០០នាក់ ដោយក្នុងនោះមាននិស្សិត ដែលបានបញ្ចប់ការសិក្សាចំនួន ២៦៥នាក់ ដែលបានទទួលសញ្ញាបត្រលើមុខជំនាញផ្សេងៗដូចជា ផ្នែកកិច្ចការសកល ផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន ផ្នែកច្បាប់ ផ្នែកធុរកិច្ច ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ច ផ្នែកសំណង់ស៊ីវិល និងផ្នែកស្ថាបត្យកម្មផងដែរ។ ទន្ទឹមនឹងនេះ AUPP ក៏មាននិស្សិតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ច ដំបូងបង្អស់ចំនួន ១រូបផងដែរ។

នៅក្នុងពិធីដ៏អធិកអធមនេះ លោកបណ្ឌិត ជា វ៉ាន់ដេត បានផ្តាំផ្ញើនិស្សិតបញ្ចប់ការសិក្សាពី AUPP ថា ទោះទៅដល់ទីណាក៏ដោយ សូមកុំភ្លេចពីដើមកំណើត និងមាតុភូមិរបស់ខ្លួនឯងឡើយ។ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា និស្សិតទាំងអស់គ្នា ជាអនាគតសសរទ្រូងនៃមាតុភូមិកម្ពុជា។ យុវជនកម្ពុជា កាន់តែច្រើនឡើង មានឈ្មោះបោះសំឡេងទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ហើយក្នុងនោះមាននិស្សិត ដែលចេញពី AUPP ជាច្រើនផងដែរ។

លោកបន្តថា «ដូច្នេះ ទោះទៅដល់ទីណា ចូរក្មួយៗទាំងអស់ កុំភ្លេចពីដើមកំណើត ជាតិសាសន៍ ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ និងជាពិសេសជាតិមាតុភូមិរបស់យើង។ ព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលអភិវឌ្ឍន៍ដ៏មហាសាល ហើយក្មួយៗ ក៏ជាចំណែកមួយ នៃការប្រែក្លាយសក្តានុពលទាំងនោះ ឲ្យទៅជាការអភិវឌ្ឍពិតប្រាកដ»។

លោកបណ្ឌិត ជា វ៉ាន់ដេត ក៏បានបន្ថែមថា ពេលនេះ ជាពេលដែលនិស្សិតទាំងអស់ ត្រូវបោះជំហានបន្ថែមមួយទៀត ដោយយកពុទ្ធិដែលទទួលបាន ពីការសិក្សាទៅអនុវត្តឲ្យកើតជាប្រយោជន៍ និងនាំកិត្តិយសជូនគ្រួសារ គ្រឹះស្ថានសិក្សា និងប្រជាជាតិទាំងមូល។ លោករដ្ឋមន្ត្រី ក៏បានអបអរសាទរយ៉ាងកក់ក្តៅ ដល់និស្សិត AUPP ជំនាន់បញ្ចប់ការសិក្សា ឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដែលទទួលបានសញ្ញាបត្រនៅក្នុងពិធីនេះផងដែរ។

ត្រឹមតែរយៈពេល ៩ឆ្នាំប៉ុណ្ណោះនៃការបង្កើត AUPP សាកលវិទ្យាល័យនេះ សម្រេចបាននូវសមិទ្ធផលជាច្រើន ក៏ដូចជាបានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានសមត្ថភាពជាច្រើនរូប ដើម្បីជាសសរទ្រូង របស់ប្រទេសកម្ពុជានៅថ្ងៃអនាគត។ ជាមួយនឹងគោលបំណង និងចក្ខុវិស័យដ៏វែងឆ្ងាយ គណៈគ្រប់គ្រងនៃ AUPP ជឿជាក់យ៉ាងមុតមាំថា និស្សិតដែលបញ្ចប់ការសិក្សាទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងជំនាញដែលទទួលបាន ក្នុងការអភិវឌ្ឍប្រទេសជាតិ និងបំពេញនូវចំណុចខ្វះខាតទាំងឡាយនៃកម្លាំងពលកម្ម នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

សូមជម្រាបថា AUPP គឺជាសាកលវិទ្យាល័យឯកជនឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវការអប់រំដែលមានគុណភាពខ្ពស់ស្ដង់ដារអាមេរិកាំង ដោយមានមូលដ្ឋានផ្អែកលើវប្បធម៌នៃប្រទេសកម្ពុជា និងក្នុងទ្វីបអាស៉ីទាំងមូល។ AUPP គឺជាសាកលវិទ្យាល័យតែមួយគត់ ដែលផ្តល់ជូននូវកម្មវិធីសញ្ញាបត្រពីរស្របតាមស្ដង់ដារអប់រំរបស់សហរដ្ឋអាមេរិក ដោយមានការទទួលស្គាល់ជាអន្តរជាតិ ក្រោមភាពជាដៃគូសហការជាមួយសាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យាល័យរដ្ឋហ្វត ហេស៍។

AUPP ផ្តល់ជំនាញសិក្សាចំនួន៦ រួមមាន ជំនាញផ្នែកកិច្ចការសកល ផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន ផ្នែកច្បាប់ ផ្នែកធុរកិច្ច ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក៏ដូចជាផ្នែកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច៕