(ពិភពលោក)៖ មហាកំពែងចិន (The Great Wall of China) ដែលប្រជាជនចិនចាត់ទុកថាជារតនសម្បត្តិរបស់ខ្លួននោះ មានប្រវែងសរុបប្រមាណ២១,១៩៦គីឡូម៉ែត្រឯណោះ។ ទម្រាំកសាងបានប្រវែងនេះ គឺមានការចូលរួមស្ថាបនាពីបណ្ដារាជវង្សចិនបុរាណជាច្រើន។ តើអ្នកដឹងទេថា រាជវង្សណាខ្លះដែលចូលរួមកសាងមហាកំពែងចិន?

មានរាជវង្សចិនចំនួន១១ដែលបានកសាងមហាកំពែងចិន រួមមាន៖

១៖ រាជវង្សឈី (Qi dynasty)
នគរឈីបានគ្រប់គ្រងទឹកដីមួយផ្នែកតូចភាគខាងកើតនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ១១២២-២២១មុនគ្រិស្តសករាជ ដោយបានបញ្ជាឱ្យកម្មករ និងទាហានកសាងកំពែងសម្រាប់ការពារនគររបស់ខ្លួនបានប្រវែង៦២០គីឡូម៉ែត្រ។

២៖ រាជវង្សឈូ (Chu dynasty)
នគរឈូគ្រប់គ្រងទឹកដីមួយផ្នែកធំភាគខាងកើតនៃប្រទេសចិនបុរាណដែរ នៅចន្លោះឆ្នាំ១១១៥-២២៣មុនគ្រិស្តសករាជ ដោយបានកសាងកំពែងសម្រាប់ការពារនគររបស់ខ្លួនបានប្រវែង៥០០គីឡូម៉ែត្រ។

៣៖ រាជវង្សយាន (Yan dynasty)
នគរយានគ្រប់គ្រងទឹកដីមួយផ្នែកតូចនៅភាគឦសាននៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ១១២២-២២២មុនគ្រិស្តសករាជ ដោយបានកសាងកំពែងប្រវែង១២៥គីឡូម៉ែត្រដែរ។

៤៖ រាជវង្សចាវ (Zhao dynasty)
នគរចាវគ្រប់គ្រងទឹកដីមួយផ្នែកតូចនៅភាគខាងជើងនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ៤០៣-២២២មុនគ្រិស្តសករាជ ដោយបានកសាងកំពែងប្រវែង៤១២គីឡូម៉ែត្រ។

៥៖ រាជវង្សវ៉ី (Wei dynasty)
នគរវ៉ីដំបូងនេះបានគ្រប់គ្រងទឹកដីមួយផ្នែកតូចនៅភាគកណ្ដាលនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ៤០៣-២២៥មុនគ្រិស្តសករាជ ដោយបានកសាងកំពែងប្រវែង៣០០គីឡូម៉ែត្រ។

៦៖ រាជវង្សឈីង (Qin dynasty)
នគរឈីងក៏ជានគរធំមួយក្នុងចំណោមនគរតូចធំនានានៅប្រទេសចិនបុរាណផងដែរ ហើយក្រោយមកស្ដេចនគរឈីង ព្រះនាម ឈីង ស៉ីហ័ង បានច្បាំងយកនគរតូចធំទាំងឡាយ ដើម្បីបង្រួបបង្រួមទឹកដីចិនបុរាណទាំងមូល។ ចាប់ពីកកើតរដ្ឋដំបូងរហូតដល់ដួលរលំចក្រភពទៅវិញនៅឆ្នាំ២០៧មុនគ្រិស្តសករាជ រាជវង្សឈីងក៏បានកសាងកំពែងប្រវែង៥,០០០គីឡូម៉ែត្រផងដែរ។

៧៖ រាជវង្សហាន (Han dynasty)
ក្រោយនគរឈីងដួលរលំបាត់ទៅ ប្រទេសចិនបុរាណក៏ធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សហាន ចាប់ពីឆ្នាំ២០២មុនគ្រិស្តសករាជដល់ឆ្នាំ២២០នៃគ្រិស្តសករាជ។ នៅអំលុងពេលនោះ នគរហានបានបន្តកសាងមហាកំពែងបន្ថែមពីនគរមុនៗបានប្រវែង៦,០០០គីឡូម៉ែត្រ។

៨៖ រាជវង្សវ៉ីខាងជើង (Northern Wei)
នគរមួយនេះបានគ្រប់គ្រងទឹកដីមួយផ្នែកធំភាគខាងជើងនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ៣៨៦-៥៣៤នៃគ្រិស្តសករាជ ដោយបានបន្តកសាងមហាកំពែងប្រវែង១,៥០០គីឡូម៉ែត្រទៀត។

៩៖ រាជវង្សសួយខាងជើង (Northern Sui)
រាជវង្សសួយបានគ្រប់គ្រងទឹកដីប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ៥៥០-៦១៨នៃគ្រិស្តសករាជ និងបានបន្តកសាងមហាកំពែងប្រវែង១,៥០០គីឡូម៉ែត្រ។

១០៖ រាជវង្សជីងខាងកើត (Eastern Jin)
រាជវង្សជីងទី៣នេះបានគ្រប់គ្រងទឹកដីមួយផ្នែកធំលាតសន្ធឹងនៅភាគខាងកើត និងឦសាននៃប្រទេសចិនបុរាណ ចន្លោះឆ្នាំ១១១៥-១២៣៤នៃគ្រិស្តសករាជ ដោយបានចូលរួមបន្តកសាងមហាកំពែងប្រវែង១,៩២៦គីឡូម៉ែត្រទៀត។

១១៖ រាជវង្សម៉េង (Ming dynasty)
មហាម៉េងដ៏ខ្លាំងក្លានេះបានគ្រប់គ្រងទឹកដីទាំងមូលនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ១៣៦៨-១៦៤៤នៃគ្រិស្តសករាជ ដោយបានបន្តស្ថាបនាមហាកំពែងរហូតដល់ប្រវែង៨,៨៥១គីឡូម៉ែត្រទៀតផងដែរ។

សូមជម្រាបថា មហាកំពែងចិនគឺជាបន្ទាយសឹកការពារសត្រូវមានលក្ខណៈបណ្តាក់ៗគ្នាជាច្រើន ដែលត្រូវបានកសាងឡើងដោយបណ្តារដ្ឋ និងអធិរាជចិនបុរាណនាព្រំដែនភាគខាងជើង។ ផ្នែកជាច្រើនគឺស្ថិតនៅតំបន់ភ្នំដែលដាច់ស្រយាល វាលស្មៅ និងវាលខ្សាច់ផងដែរ ដែលធ្វើឱ្យការវាស់វែងជួបប្រទះនឹងបញ្ហា ប៉ុន្តែដោយមានបច្ចេកទេសវាស់វែងសម័យទំនើប ក៏បានបង្កលក្ខណៈងាយស្រួល ហើយបន្ទាប់ពីការធ្វើជំរឿនដោយក្រុមបុរាណវត្ថុវិទូអស់រយៈពេល៥ឆ្នាំ ទើបប្រវែងពិតរបស់មហាកំពែងត្រូវបានលាតត្រដាងឡើង។ មហាកំពែងចិនមានប្រវែងពិតប្រាកដដល់ទៅ២១,១៩៦.១៨គីឡូម៉ែត្រ ហើយនេះជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ដោយសារតែប្រវែងពិតនេះវែងលើសការសន្និដ្ឋានដំបូងដល់ទៅពីរដង។

សំណង់នៃមហាកំពែងនេះរួមបញ្ចូលទាំងកំពែង លេណដ្ឋាន កំពូល និងបន្ទាយសឹក។ សំណល់នៃកំពែងនេះមាននៅតាមខេត្ត និងតំបន់ចំនួន១៥ រួមមានប៉េកាំង (Beijing) ធានជីង (Tianjin) ហឺប៉ី (Hebei) សាន់ស៉ី (Shanxi) ម៉ុងហ្គោលីក្នុង (Inner Mongolia) លាវនីង (Liaoning) ជីលីង (Jilin) ហេឡុងជាំង (Heilongjiang) សានទុង (Shandong) ហឺណាន (Henan) សានស៉ី (Shaanxi) កាងស៊ូ (Gansu) និងឈីងហាយ (Qinghai)៕