(ខាឌីស)៖ ប្រទេសវ៉េល នឹងត្រូវបើកទ្វារកីឡដ្ឋាន Cardiff City របស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិដែលបានកំពុងញាំញីដោយបញ្ហាសង្រ្គាមរាំរ៉ៃជាមួយរុស្ស៊ីនៅរាត្រីថ្ងៃអាទិត្យ ទី០៥ ខែមិថុនានេះ ក្នុងប្រជែងយកកៅអីទៅលេង World Cup នៅប្រទេសកាតានាចុងឆ្នាំនេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអីរវាងក្រុមទាំងពីរខាងលើនេះ នឹងចាប់ផ្តើមឡើងនាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ដ្បិតក្រុមនៅតំបន់អឺរ៉ុប វេល និងអ៊ុយក្រែនទើបបានឆ្លងកាត់វគ្គជម្រុះ ១ប្រកួតមកដូចគ្នា ក្រោយពេលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូលរបស់ពូកគេរៀងខ្លួនមក។

មុនឡើងមកប៉ះអ៊ុយក្រែននេះ វ៉េលបានយកឈ្នះអូទ្រីសក្នុងលទ្ធផល ២ទល់នឹង១ នៅទីក្រុង Cardiff នេះដូចគ្នាពីក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រាដែលគូប្រជែងអ៊ុយក្រែនវិញ ទើបបានទម្លាក់ម្ចាស់ផ្ទះស្កុតឡេន ៣ទល់នឹង១ កាលពីដើមខែមិថុនា ឆ្នាំ២០២២ នេះ។

វ៉េល ចង់សាងប្រវត្តិសាស្រ្តជាថ្មីទៀត តាមរយៈបានកៅអីទៅលេង World Cup ជាលើកទី២ ក្រោយខកខានតាំងពីឆ្នាំ១៩៥៨ មក ដើម្បីទៅបំពេញ ៤ក្រុមនៃពូល B ដែលមានអង់គ្លេស អាមេរិក និងអ៉ីរ៉ង់ដែលបាន រង់ចាំស្រាប់ ថាតើវត្តមានរបស់វ៉េល ឬក៏អ៊ុយក្រែន។

វ៉េល ពុំដែលមានប្រវត្តិឈ្នះអ៊ុយក្រែនម្តងណាឡើយ ពីការជួបគ្នា ៣លើកមកនេះ ក្រៅពីចាញ់ ២ដង និងស្មើ ១ដងប៉ុណ្ណោះនាអំឡុងឆ្នាំ២០០១ និងឆ្នាំ២០១៦ កន្លងទៅនៃយុទ្ធនាការ World Cup និងមិត្តភាពអន្តរជាតិ៕